(ភ្នំពេញ)៖ បើតាមប្រភពព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៧នេះ បញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ សហគមន៍មកពី៣តំបន់ នៅតំបន់ផ្លូវដែក តំបន់ប្រឡាយ និងតំបន់បឹង នឹងប្រារព្ធទិវាសិទ្ធិលំនៅឋាន ទន្ទឹមគ្នានេះ សហគមន៍ចំនួន៨ នៅតំបន់ប្រឡាយស្ទឹងមានជ័យ បានចេញមកអះអាងថា ខ្លួនមិនបានពាក់ព័ន្ធការប្រារព្ធទិវាសិទ្ធិលំនៅឋាននោះទេ ហើយក៏សូមបដិសេធចោលទាំងស្រុង ចំពោះបុគ្គលណា ដែលយកឈ្មោះសហគមន៍របស់ខ្លួន ទៅកៀរគរមនុស្សឲ្យចូលរួម​។

សហគមន៍ទាំង៨ នៅតំបន់ប្រឡាយដែលប្រកាសបដិសេធថាមិនជាប់ពាក់ព័ន្ធនោះ រួមមាន សហគមន៍សុំប្រាក់មានជ័យ, សហគមន៍សាមគ្គីមានជ័យថ្មី, សហគមន៍មានជ័យស្រីអភិវឌ្ឍន៍, សហគមន៍សន្សំប្រាក់ដើម្បីអភិវឌ្ឍន៍, សហគមន៍ស្ដ្រីសាមគ្គីមានជ័យ, សហគមន៍ស្ទឹងមាសមានជ័យ,​ សហគមន៍សុវណ្ណភូមិមានជ័យ និងសហគមន៍ព្រះច័ន្ទក្រហម។

​តាមលិខិតដែលផ្ញើជូនអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលអង្គភាព Fresh News ទើបទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំជាសហគមន៍ទាំង៨រស់នៅ តាមប្រឡាយស្ទឹងមានជ័យ មិនបានដឹងទាល់តែសោះ ហើយមានអ្នកយកឈ្មោះសហគមន៍របស់យើងខ្ញុំទាំង៨ ទៅគៀងគរមនុស្ស ក្នុងគោលបំណង់អ្វីមួយ។ ហេតុនេះសូមឯកឧត្តម មេត្ដាវែកមុខរកអ្នកដែលយកឈ្មោះ សហគមន៍យើងខ្ញុំទៅប្រើដោយគ្មានការអនុញ្ញាតពីយើងខ្ញុំ ជាប្រធានសហគមន៍ស្របច្បាប់ ដែលមានការទទួលស្គាល់ពីប្រជាជន និងអាជ្ញាធរដែនដី»

បន្ថែមពីនេះ លោក លឹម វ៉ាង ប្រធានសហគមន៍សន្សំប្រាក់ដើម្បីអភិវឌ្ឍន៍ បានប្រាប់ Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញានេះ ដោយសុំឲ្យជួយចុះផ្សាយ ពីការបដិសេធរបស់ពួកគាត់ផង ដើម្បីកុំឲ្យមានយល់ច្រឡំ មកដល់សហគមន៍របស់ពួកគាត់ទាំង៨ ព្រោះថាពួកគាត់ មិនជាប់ពាក់ព័ន្ធអ្វីទាំងអស់ ហើយប្រសិនមានបុគ្គលណា យកឈ្មោះទៅប្រើប្រាស់ សូមអាជ្ញាធរចាត់វិធានការច្បាប់ចុះ៕