(បន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងទៅបានចេញសេចក្ដីសម្រេចសាងសង់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី នៅច្រកទ្វារព្រំដែនអន្តរជាតិផ្ទាល់ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ជាមួយគ្នានោះ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាការអន្តរក្រសួង តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាការអន្តរក្រសួង ក្នុងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនតាមច្រកទ្វារអន្តរជាតិ រួមជាមួយលោកឧត្តមសេនីយឯក ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការសាងសង់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាស់។

អង្គប្រជុំបានផ្សព្វផ្សាយពីដំណើរការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីនេះ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពិនិត្យសម្រេចលើគំនូរប្លង់អគារថ្មីនេះ តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕