(ប៉ារីស, បារាំង)៖ បណ្តាប្រទេសនៅសហគមន៍អឺរ៉ុប អាមេរិក និងអាស៊ីផងដែរ បានបង្ហាញការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ចំពោះវត្តមានសម្លៀកបំពាក់កម្ពុជា ដែលរចនាម៉ូតទាន់សម័យមិនចាញ់សហគមន៍អឺរ៉ុបនោះឡើយ។

ការបង្ហាញនូវភាពភ្ញាក់ផ្អើល និងចំណាប់អារម្មណ៍ខ្លាំងនេះ បានកើតមានឡើងក្នុងពេលដែលសម្លៀកបំពាក់របស់ខ្មែរ ត្រូវបានក្រុមហ៊ុនឌីហ្សាញម៉ូត និងកាត់ដេរសម្លៀកបំពាក់ NATACHA VAN តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នាំយកសម្លៀកបំពាក់ច្នៃម៉ូតកម្រិតអន្តរជាតិ ដែលជាស្នារដៃកូនខ្មែរ ចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត «READY-TO-WEAR CATWALK SHOW» នៅក្នុងឱកាសពិព័រណ៍សម្លៀកបំពាក់ «APPAREL SOURCING PARIS 2017» នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងកម្មវិធីបង្ហាញម៉ូតនោះ មានការចូលរួមពីបណ្តាប្រទេសមកពីសហគមន៍អឺរ៉ុប កម្ពុជា វៀតណាម និងមីយ៉ាម៉ា។ ការបង្ហាញម៉ូតសម្លៀកបំពាក់របស់កម្ពុជា ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងជាងគេ ដោយភ្ញៀវអ្នកទស្សនាទាំងអស់ នាំគ្នាទះដៃអបអរសាទរតាំងពីការដើមដំបូងរហូតដល់ទីបញ្ចប់។ ម៉ូតសម្លៀកបំពាក់ខ្មែរនាពេលនោះ ត្រូវបានមើលឃើញថាស្អាត ទាន់សម័យ មានគុណភាពល្អ ហើយអាចប្រកួតប្រជែងបានក្នុងទីផ្សារអឺរ៉ុបទៀតផង។

ភាពលេចធ្លោនៃសម្លៀកបំពាក់កម្ពុជាក្នុងកម្មវិធីបង្ហាញម៉ូតនោះ បានធ្វើឱ្យគណៈកម្មការរៀបចំកម្មវិធីក្រោកឈរឡើងថ្លែងកោតសរសើរយ៉ាងខ្លាំងដល់កម្ពុជា។

ជាមួយនឹងការទទួលបានការចាប់អារម្មណ៍នេះ ប្រទេសកម្ពុជាតែមួយគត់ ដែលមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គណៈប្រតិភូកម្ពុជា និងម្ចាស់ក្រុមហ៊ុនឌីហ្សាញម៉ូតសម្លៀកបំពាក់ NATACHA VAN ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសឡើងមកលើឆាក ដើម្បីថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។

តាមរយៈការចាប់អារម្មណ៍ខ្ពស់នេះ ត្រូវបានគេរំពឹងថា នឹងជួយឱ្យមានការគាំទ្រ និងមានការបញ្ជារទិញផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាកាន់តែច្រើនឡើងៗពីបណ្តាប្រទេសមកពីសហគមន៍អឺរ៉ុប អាមេរិក កាណាដា និងអាស៊ីជាច្រើនទៀត៕