(ភ្នំពេញ​)៖ រហូត​មក​ទល់​ពេលនេះ​ សាលាឧទ្ធរណ៍​នៅ​ពុំ​ទាន់​សម្រេច​ថា​ នឹង​បង្គាប់​ឱ្យ​ខាង​ពន្ធនាគារ​ បញ្ជូន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មក​ចូលរួម​សវនាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ដែរ​ឬទេ​?​។​

ការ​ពិចារណា​នេះ​ បន្ទាប់​ពី​ខាង​អគ្គនាយក​ពន្ធនាគារ​ ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ ពិចារណា​អំពី​សន្តិសុខ​ សុវត្ថិភាព​របស់​ជនត្រូវចោទ ​កឹម​ សុខា​ ពេល​បញ្ជូន​មក​ចួលរួម​សវនាការ​។

លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង​ និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ ថ្លែង​ប្រាប់​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន​ Fresh News នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ថា​ សាលាឧទ្ធរណ៍​បាន​ទទួល​លិខិត​របស់​អគ្គនាយក​ពន្ធនាគារ​ហើយ​ តែ​រហូត​មក​ទល់​ពេលនេះ​ សាលាឧទ្ធរណ៍​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​។

ដោយ​ឡែក​ លោក​សំ​ សុគង់​ មេធាវី​ការពារ​ក្ដី​លោក​​ កឹម​ សុខា​ ថ្លែង​ថា​ ក្រុម​មេធាវី​ចង់​ឱ្យ​សាលាឧទ្ធរណ៍​សម្រេច​បញ្ជូន​លោក​ កឹម​ សុខា​ មក​ចូលរួម​សវនាការ​។​ លោក​មេធាវី​ថា​ «ការ​ព្រួយបារម្ភ​របស់​ពន្ធនាគារ​ គឺ​មិន​ត្រឹមត្រូវ​ទេ​ ការ​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​របស់​ជនត្រូវចោទ​ ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ហើយ​ជា​គោលការណ៍​ច្បាប់​សវនាការ​ គួរ​តែ​មាន​វត្តមាន​ជនត្រូវចោទ»

គួរ​បញ្ជាក់​ថា​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ខាងមុខ​នេះ​ នឹង​បើក​សវនាការ​បណ្តឹង​របស់​ក្រុម​មេធាវី​ ដែល​ប្តឹង​ប្រឆាំង​​នឹង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​លោក​​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ចោទ​បទល្មើស​«ក្បត់​ជាតិ​»។​

លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៧​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស «ក្បត់​ជាតិ»​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ ទៅ​៣០ឆ្នាំ​។​

សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស​»​តាម​មាត្រា​៤៤៣​ នៃ​ក្រម​ព្រហ្មទណ្ឌ​​៕