(ប៉ៃលិន)៖ ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបញ្ចប់បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ បានបន្តចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ សុវត្ថិភាពម្ហូបអាហារ 

និងពន្យល់ណែនាំ ចែកស្ទីកឃ័រ របៀបជ្រើសរើសអាហារ ដែលមានសុវត្ថិភាពដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋនៅផ្សារសាលាក្រៅ ស្រុកសាលាក្រៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក សាន វិជ្ជា សារ៉ាវុធ បានថ្លែងថា «ដើម្បីធានាសុខភាពប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ ក្រុមការងារសាខាកាំកុងត្រូលខេត្តតែងតែចុះ ត្រួតពិនិត្យទំនិញនៅតាមផ្សានានានៅទូទាំងខេត្តជាប់ជាប្រចាំ។ ជាក់ស្តែងនៅថ្ងៃនេះសាខាកាំកុងត្រូលបានបន្តចុះត្រួតពិនិត្យ គុណភាពទំនិញ ក្នុងគោលបំណងតែមួយគត់ គឺចង់ប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះអាចឲ្យគាត់យល់ដឹងដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូបអាហារណា ដែលមានសុវត្ថិភាពយកមកទទួលទាន»

លោក សាន វិជ្ជា សារ៉ាវុធ និងក្រុមការងារក៏បានធ្វើការពន្យល់ណែនាំ​ដល់អាជីវករ​ទាំងអស់កុំឲ្យ​យកទំនិញ​ណាដែលខូច​គុណភាពទំនិញ​ដែលមិនមានច្បាប់​អនុញ្ញាតិ ឬទំនិញមិនមានស្លាក​សញ្ញាត្រឹមត្រូវ​មកដាក់តាំង​លក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរហើយទំនិញ ទាំងនេះហាមលក់នៅ​លើទីផ្សារនិងតាមតូបជាដាច់ខាត។ ទន្ទឹមនេះអាជីវករទាំងអស់មុន និងទិញទំយក​មក​ដាក់តាំងលក់ត្រូវពិនិត្យមើលកាល បរិច្ឆេត ថ្ងៃ ខែ ឆ្នាំ ផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ដើម្បី​ជៀស​វាងពេល​សមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកាលកំណត់ ឬខូចគុណភាពដកហូតដែលនាំ​ឲ្យខាត​បង់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនខាតបង់វេលា និងប្រាក់កាក់ផងដែរ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលក៏នៅតែបន្តបិទចែក និងបង្ហាញ ស្លាកស្ទីគឃ័រដល់អាជីវករពីរបៀបជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព យកមកលក់ និងទទួលទានដើម្បីជាការពញ្ញាក់ស្មារតីបន្ថែមឲ្យពួកគាត់បានយល់ឲ្យកាន់តែច្បាស់ ក៏ដូចជាបានទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ ញាតិមិត្តបងប្អូននៅក្នុងភូមិ ក្នុងសហគមន៍ក្នុងមូលដ្ឋានឲ្យបានដឹង និងយល់ទាំងអស់គ្នាដែលនេះជាអ្វីដែលសាខាកាំកុងត្រូលខេត្ត អគ្គនាយកដ្ឋានកាំកុងត្រូល និងរាជរដ្ឋាភិបាលចង់បាននោះ។

ក្នុងពេលចុះពិនិត្យទំនិញសមត្ថ​កិច្ចកាំកុង​ត្រូលបាន​ដកហូតទំនិញខូច​គុណ​​ភាពមួយ​ចំនួន​​ពី​អាជីវករដើម្បីយកទៅកំទេចចោលរួមមាន៖ ស្រាបៀដបដប ទឹកដោះគោជូក្មេងដបជ័រ ទឹកក្រូចដបធំ នំប៉័ងកញ្ចប់ កម្ទេចមីកញ្ចប់តូច ធំប្រមូលរក្សាទុកនៅស្នាក់ការដើម្បីរង់ចាំការដុត កម្ទេចចោលនាពេលក្រោយ៕