(រតនគិរី)៖ ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងខេត្តរតនគិរី មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍នានាចំនួន ១៥,៨០៥នាក់ កើនឡើង ១១២,១% បើធៀបឆ្នាំ២០១៦។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តរតនគិរី។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា ដោយសារកត្តាសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីខេត្តមួយទៅខេត្តមួយ រួមនិងការរៀបចំសោភ័ណភាពទីប្រជុំជន និងនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តរបស់ថ្នាក់ដឹកនាំធ្វើឲ្យមានភ្ញៀវទេសចរ ចង់មកលេងកម្សាន្តនៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យ។

លោកបន្តថា ភ្ញៀវដែលមកទស្សនាកម្សាន្តនៅខេត្តនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនពួកគាត់បានឈប់សម្រាកនៅខេត្តនេះ និងបន្តដំណើរទៅខេត្តផ្សេងៗទៀត និងនៅក្នុងខេត្តមានផ្ទះសំណាក់ សណ្ឋាគារ និងអាហារដ្ឋានគ្រប់គ្រាន់សម្រាប់បម្រើសេវាជូនភ្ញៀវ។

ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្ត នៅខេត្តភូមិភាគឥសាន្តភាគច្រើន គឺពួកគាត់ធ្វើដំណើរទស្សនាជាខ្សែទស្សនកិច្ច ពោលគឺចេញពីខេត្តមួយទៅខេត្តមួយទៀត ដូចជាក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម។ ដោយឡែកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានលក្ខណៈល្អប្រសើរ ដោយគណៈបញ្ជាការឯកភាពខេត្តមានផែនការច្បាស់លាស់​ ក្នុងការការពារសុវត្ថិភាពជូនភ្ញៀវ ទាំងនៅតាមទីវត្តអារាម និងរមណីយដ្ឋាន៕