(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីជំនាញ​អាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងថ្មីៗនេះ ដែលធ្វើឲ្យលិចតំបន់​មួយចំនួនក្នុងខណ្ឌច្បារអំពៅ ។

ជាជំហានទី១ នៅថ្ងៃទី២២ ខែកញ្ញានេះ លោកឃួង ស្រេង បានចុះមកពិនិត្យមើលស្ថានភាពស្ពានព្រែកតាអេវ ក្នុងសង្កាត់ព្រែកថ្មី ដោយដាក់គ្រឿងចក្រកាយ និងស្តារប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងទន្លេបាសាក់។

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានឲ្យដឹងថា ព្រែកតាអេវ ជាព្រែកមួយនៅជាប់ព្រំប្រទល់ភូមិព្រែកថ្មី១ និងភូមិកោះក្របី ស្ថិតក្នុងសង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយព្រែកនេះបានដើរតួយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីសង្កាត់ព្រែកឯង និងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ៕