(ភ្នំពេញ)៖ ក្រោយពីទទួលបានព័ត៌មានពីមន្ត្រីឧទ្យានុរក្សបរិស្ថានការពារព្រៃឡង់ អំពីករណីឆ្លងជំងឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងកេតមាលា រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ មន្រ្តីនាយកដ្ឋានជំងឺឆ្លងបានចុះទៅមន្ទីរពេទ្យទាំងពីរខាងលើ និងបានធ្វើសេចក្តីសន្និដ្ឋានថា បណ្តាលមកពីចំលង Larves Trichinella Spiralis ដោយបរិភោគសាច់ព្រៃដែលចំអិនមិនឆ្អិនល្អ និងផឹកស្រាសរដែលពុំមានប្រភពច្បាស់លាស់ ដែលពុំមានការត្រួតពិនិត្យ ត្រឹមត្រូវពីមន្ត្រីជំនាញ។

វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​នៃ​ក្រសួង​សុខាភិបាល បានថ្លែងប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះឲ្យដឹងថា នាយកដ្ឋានបានបញ្ជូនមន្រ្តីជំនាញចុះអង្គេតស្រាវជ្រាវនៅមូលដ្ឋាន និងរកឃើញថា មានប្រជាពលរដ្ឋបានបរិភោគសាច់ព្រៃមិនបានចំអិនល្អ និងប៉ះពាល់អាយុជីវិតកន្លងមកផងដែរ មន្ត្រីយើងបានចុះអប់រំ ផ្ទាល់នៅទីកន្លែង និងពុំរកឃើញមានករណីកើតឡើងថ្មីទៀតទេ។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាជនដែលរស់នៅក្បែរព្រៃទាំងអស់ សូមបរិភោគសាច់ចំអិនល្អ និងកុំបរិភោគសាច់ព្រៃឆៅឲ្យសោះ ព្រោះអាចរងគ្រោះដូចកើត មានកន្លងមកនេះ។ មន្ត្រីជំនាញកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្រសួងសុខាភិបាល បានបញ្ជូនមន្រ្តីជំនាញថ្នាក់ជាតិបន្ថែមទៀត ព្រមទាំងចែក ឱសថព្យាបាល និងការពារជំងឺព្រូន Trichenolla Spiralis ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឲ្យប្រាកដថា ពុំមានប្រជាពលរដ្ឋរងគ្រោះឡើយ។

សូមជំរា​បថា ប្រជាពលរដ្ឋចំនួន៧នាក់ ក្នុងនោះម្នាក់ជាមន្ដ្រីឧទ្យានុរក្សបរិស្ថាន​ព្រៃឡង់, ៣នាក់​រស់នៅឃុំសណ្ដាន់ និង៣នាក់ទៀតរស់នៅឃុំមានរិទ្ធ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានស្លាប់ជាបន្ដបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារតែហូបស្រាច្រើន និងសាច់សត្វឆៅនៅក្នុងព្រៃ។

អភិបាលស្រុកសណ្ដាន់ លោក ឡុង គីសឹង បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះថា ក្រោយពីមានហេតុការណ៍នៅថ្ងៃដំបូង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលមន្ត្រីឧទ្យានុរក្សបរិស្ថានព្រៃឡង់ម្នាក់ បានឈឺធ្ងន់ហើយត្រូវបាន លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានបញ្ជូនទៅសង្គ្រោះ ប៉ុន្ដែបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ។ អភិបាលស្រុកបន្ដថា ក្រោយមកកម្លាំងអាជ្ញាធរបានចុះទៅស្រាវជ្រាវបានរកឃើញថា ការស្លាប់នេះបណ្ដាលមកពីគាត់បរិភោគ​សាច់ឆៅ ដែលមានជាតិប៉ារ៉ាស៊ីត។

ដោយឡែកពលរដ្ឋ៣នាក់ផ្សេងទៀត នៅឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គាត់បានទៅដើរព្រៃ ហើយហូបស្រាច្រើន ដោយស្រានោះជាស្រាប្រភេទខ្លាំង, ទើប បណ្ដាលឲ្យស្លាប់ ហើយពលរដ្ឋ៣នាក់ នៅឃុំមានរិទ្ធនោះ មានជំងឺឈឺថ្កាត់ក៏បណ្ដាលឲ្យស្លាប់ដូចគ្នាផងដែរ។ ប៉ុន្តែនៅពេលនេះខាងក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីស្លាប់មនុស្ស៧នាក់ជាបន្ដបន្ទាប់នៅខេត្តកំពង់ធំ គឺដោយសារបរិភោគសាច់ព្រៃចំអិនមិនល្អ និងផឹកស្រាសរពុំមានប្រភពច្បាស់លាស់៕