(ភ្នំពេញ)៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ យុវជនមានពិការភាព ០៤រូប ដែលអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជូនទៅចូលរួមប្រកួតប្រជែងមុខជំនាញ IT ថ្នាក់តំបន់អាស៉ីនិងប៉ាស៉ីភិច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបានមេដាយសំរិទ្ធចំនួន៤ ពីការប្រកួតប្រជែងលើវិញ្ញាសារ eCreative Challengs។

លោក ឯម ច័ន្ទមករា បានឱ្យដឹងទៀតថា យុវជន​ពិការ​ដែល​កម្ពុជា​ដែល​ដណ្តើម​បាន​ពាន​រង្វាន់​នៅក្នុង​ប្រទេស​វៀមណាម ​នោះ​រួម​មាន៖ យុវជន សាន សុត, សម្បត្តិ វុត្ថា, កុល ចាន់ណារដ្ឋ និងកញ្ញា តឹក ទុម ដណ្តើម​បាន​មេដាយ​សំរឹទ្ធ ម្នាក់១គ្រឿង។ លោក ឯម ច័ន្ទមករា បានបន្តទៀតថា ការ​ប្រកួត​ប្រជែង​នេះ មានជនពិការមកពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ ចំនួន១៦ប្រទេស មានចំនួនសរុបចំនួន ២៨៥​នាក់ ដោយ​ប្រកួត​ទៅលើ​វិញ្ញាសា eDesign, eCreative, eLifeMap និង eTool។ ​យុវជន​ពិការ​របស់​កម្ពុជា​ទាំង​ ៤ រូប បាន​ខិតខំ​ប្រឹងប្រែង​ប្រកួត​ប្រជែង ដោយ​ប្រើ​អស់​នូវ​ចំណេះ ជំនាញ និង​កម្លាំង ប្រាជ្ញា​របស់​ខ្លួន ជា​លទ្ធផល​ពួកគេ បាន​ឈ្នះ​ដោយ​ដណ្តើម​បាន​​មេដាយ​សំរឹទ្ធ ចំនួន៤គ្រឿង លើវិញ្ញាសារ eCreative ជាក្រុម។

ក្នុងនាមលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្នុងប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងនូវការកោតសរសើរចំពោះទេសកោសល្យ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗយុវជនពិការទាំងបួនរូប ដោយលោកបានគូសបញ្ជាក់ថា នេះគឺជាការបង្ហាញនូវសមត្ថភាពដ៏ប៉ិនប្រសព្វរបស់ប្អូនៗយុវជនពិការ ដល់សាធារណៈជន ឱ្យបានឃើញកាន់តែច្បាស់ពីសមត្ថភាព ជាជាងការមើលឃើញពិការភាពរបស់ជនពិការ។

គួរបញ្ជាក់ផងដែរថា បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការផ្តល់ប្រាក់រង្វាន់សម្រាប់ជ័យលាភីជាជនពិការពីប្រកួតប្រជែង សមត្ថភាពលើមុខជំនាញនេះ គឺប្រាក់រង្វាន់ចំពោះមេដាយសំរិទ្ធ ១ នឹងទទួលបាន១៦,០០០,០០០រៀល!៕