(ភ្នំពេញ)៖ «ក្នុងនាមប្រធានាធិបតីសហរដ្ឋអាមេរិក ជានិច្ចកាល ខ្ញុំតែងតែតម្តល់ផលប្រយោជន៍អាមេរិកមុនគេបង្អស់។ គឺដូចទៅនឹងអ្នកទាំងអស់គ្នា ក្នុងនាមជាមេដឹកនាំ របស់ប្រទេសអ្នក គឺត្រូវតែគិតគូរពីផលប្រយោជន៍ប្រទេសអ្នកមុនគេបង្អស់ដែរ»។ នេះគឺជាការថ្លែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកក្នុងមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៧ ហើយសារនេះត្រូវបានមេដឹកនាំជាង១០០ ប្រទេសដែលមានវត្តមានបានទះដៃ អបអរសាទរបង្ហាញពីការគាំទ្រ។ អ្វីដែលប្រធានាធិបតី អាមេរិកមានប្រសាសន៍ ជាការបញ្ជាក់ ថាប្រទេសនីមួយៗតូចក្តីធំក្តីក្រីក្រក្តីមានក្តីគឺមេដឹកនាំនៃប្រទេសនីមួយៗ តែងតែធ្វើអ្វីៗទាំងអស់ដោយតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួននៅមុនគេបង្អស់ ហើយនេះគឺ ជាកាតព្វកិច្ចរបស់មេដឹកនាំប្រទេសនីមួយៗ។ នៅកម្ពុជាអ្វីៗដែលមេដឹកនាំប្រទេសនេះ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើគឺសុទ្ធតែបានគិត និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាមុនគេ។

តើអ្វីខ្លះដែលសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរមុនគេបំផុតសម្រាប់ប្រយោជន៍កម្ពុជានោះ? សម្តេចតេជោ បានតម្កល់ផលប្រយោជន៍ជាតិជាធំគ្រប់កាលៈទេសៈ និងគ្រប់វិស័យទាំងអស់ ប៉ុន្តែមានវិស័យ៤សំខាន់ៗដែលខ្ញុំបាទ ចៅ ចាក់ស្មុក លើកយកមកបរិយាយនៅពេលនេះ៖

ទី១៖ សន្តិភាព និងស្ថេរភាពនយោបាយ៖ កម្ពុជាមានសន្តិភាពពេញលេញដោយសារតែការលះបង់របស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្ស ប្រជាជនកម្ពុជា ដោយចាប់ផ្តើមពីការរំដោះប្រជាជន និងប្រទេសជាតិចេញពីរបបខ្មែរក្រហម ជួយប្រទេសឱ្យរស់ឡើងវិញតបនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកសេរី រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សន្តិភាពជាកិច្ចការអាទិភាពរបស់សម្តេចតេជោ ហើយក្រោយពីបរាជ័យរបស់អ៊ុនតាក់ ក្នុងការនាំយកសន្តិភាព ជូនកម្ពុជាតាមរយៈការបោះឆ្នោតនៅ ឆ្នាំ ១៩៩៣ សម្តេចតេជោ បានដាក់ឱ្យអនុវត្តនយោបាយ ឈ្នះ-ឈ្នះដើម្បីរំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម និងនាំយកសន្តិភាពពេញលេញជូនកម្ពុជា នៅចុងឆ្នាំ ១៩៩៨។ សន្តិភាពនេះគឺជាកត្តាសំខាន់ដែលនាំឱ្យកម្ពុជាមានឱកាសគិតគូរពីការអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ បានដាក់ចិត្ត ដាក់កាយការពារឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយនូវសន្តិភាព ដែលរកមកបានដោយពិបាកឆ្លងកាត់ការតស៊ូ ពុះពារ ឆ្លងកាត់សង្គ្រាម ការចរចា សោកនាដកម្ម ឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា។ ស្ថេរភាពនយោបាយ គឺជាផ្នែកដ៏សំខាន់មួយទៀត ដែលប្រមុខរាជរដ្ឋាភិបាលចាតុទុកជាអាទិភាព ដើម្បីបង្កបរិយាកាសងាយស្រួលដើម្បីកសាងនិងអភិវឌ្ឍប្រទេសឡើងវិញ។ ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ កម្ពុជាចាប់ផ្តើមជម្នះរាល់ឧបសគ្គ និងបានរីកមុខរីកមាត់ នៅលើឆាកអន្តរជាតិទាំងផ្នែកការទូត សេដ្ឋកិច្ច និងមនុស្សធម៌ ក្លាយពីប្រទេសដែលទទួលកងទ័ពមួយខៀវមកជាប្រទេស ដែលបានបញ្ជូនកងទ័ពមួកខៀវក្នុងបេសកកម្ម មនុស្សធម៌ក្នុងក្របខណ្ឌបេសកកម្មអង្គការសហប្រជាជាតិ និងបានក្លាយជាប្រទេស ដែលស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសនានានៅលើសកលលោក។ បើកម្ពុជាបន្តស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាម មិនមានឱកាសនិយាយពីស្ថេរភាពនយោបាយ និងការអភិវឌ្ឍឡើយ។

ទី២៖ កិច្ចការពារអធិបតេយ្យភាពជាតិខ្មែរ៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើកិច្ច ការនេះជាអាទិភាពដើម្បីការពារឯករាជភាព អព្យាក្រឹត្យភាព និងការពារបូរណភាព
ទឹកដីប្រឆាំងនឹងការឈ្លានពានរបស់បរទេសជិតខាង និងព្យាយាមដោះស្រាយនូវជម្លោះ ប្រកបដោតភាតរភាព និងត្រឹមត្រូវតាមភស្តុតាង និងច្បាប់។ រាជរដ្ឋាភិបាលកម្ពុជាបាន ប្រកាន់គោលជំហរមិនឈ្លានពានទឹកដីប្រទេសជិតខាងសូម្បីតែមួយមិល្លីម៉ែត្រ ហើយក៏ មិនឱ្យប្រទេសជិតខាងឈ្លានពានទឹកដីខ្លួន សូម្បីតែមួយមិល្លីម៉ែត្រដែរ។ សម្តេចតេជោ ហ៊ុន សែន បានការពារយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាពរបស់កម្ពុជាមិនឱ្យប្រទេសណាមួយលូកដៃជ្រៀតជ្រែកលើ កិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ។

រាជរដ្ឋាភិបាលកម្ពុជាបាន ការពារបូរណភាពដែនដី និងទប់ស្កាត់បង្ក្រាបរាល់ទង្វើខុសច្បាប់ទាំងឡាយណាដែល ប៉ងបំផ្លាញសន្តិភាព និងអស្ថេរភាពជាតិ និងប៉ុនប៉ងយកកម្ពុជាទៅដាក់ក្រោមអាណានិគមបែបថ្មីរបស់មហាអំណាច និងកម្ចាត់រាល់ជនអគតិទាំងឡាយ ដែលចង់ឱ្យមានការ ផ្លាស់ប្តូរតាមបែបបដិវត្តន៍ពណ៌។ នេះគឺជាការងារអាទិភាព ដែលមេដឹកនាំប្រទេសមួយ តែងតែងយកចិត្តទុកដាក់ និងតម្កល់ជាការងារសំខាន់ដែលត្រូវយកចិត្ត ទុកដាក់ដូចអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មានប្រសាសន៍។ ដូច្នេះវិធានការរបស់រាជរដ្ឋាភិ បាលកម្ពុជាប្រឆាំងនឹងជនក្បត់ជាតិដូចកឹម សុខា និងបុគ្គលផ្សេងទៀតដែលមានចេតនា បំផ្លាញកម្ពុជាគឺជាភាពស្របច្បាប់ និងសិទ្ធិពេញលេញរបស់កម្ពុជា ព្រោះមេដឹកនាំខ្មែរបានតម្កល់ផលប្រយោជន៍ ជាអាទិភាពសម្រាប់ខ្លួន។

ទី៣៖ អភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ៖ ក្រៅពីសន្តិភាព និងការការពារនូវអធិបតេយ្យភាពជាតិរឹងមាំ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការងារអភិវឌ្ឍជាតិ ជាអាទិភាពមួយទៀតដើម្បីកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ នៅក្នុងរយៈពេលជិត២០ឆ្នាំមកនេះសេដ្ឋកិច្ចប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច ប្រមាណ ជាង ៧% ក្នុងមួយឆ្នាំៗ ហើយអាត្រានៃភាពក្រីក្រ បានធ្លាក់ចុះមកជាង១០% នៅឆ្នាំ២០១៦កន្លងទៅនេះ។
កម្ពុជាបានផ្លាស់ពីប្រទេសដែលមានចំណូលទាបមកជាប្រទេស មានចំណូមមធ្យមកម្រិតទាបដែលនេះបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏ខ្លាំងរបស់កម្ពុជា ដែលកំពុងតែវិវឌ្ឍ ទៅមុខជានិច្ច។ ជាមួយការដាក់ចុះកម្មវិធីនយោបាយចតុកោណដំណាក់កាលទី៣ ប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំប្រទេស រាជរដ្ឋាភិបាលកម្ពុជា បានប្រើនយោបាយបង្កើត និងការពារឆ្នាំងបាយប្រជាជនកម្ពុជា បីសុំ គឺទី១៖ សុំមកវិនិយោគនៅកម្ពុជា ទី២៖ សុំផ្តល់ជំនួយដល់កម្ពុជា និងទី៣៖ សុំទិញផលិត ផលពី
កម្ពុជា។ គោលនយោបាយ ៣ សុំនេះគឺដើម្បីសម្លាប់គោលនយោបាយ ៣ កុំរបស់បក្ស ប្រឆាំងដែលតែតែងដើរតាមប្រទេសនានាដើម្បី ទី១៖ កុំមកវិនិយោគនៅកម្ពុជា ទី២៖ កុំផ្តល់ជំនួយដល់កម្ពុជា និងទី៣៖ កុំទិញផលិតផលពីកម្ពុជា។ រាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងជនទាំងឡាយណាដែលប្រឆាំង នឹងការអភិវឌ្ឍរបស់ ជាតិ និងប្រជាជនកម្ពុជា។ នេះគឺជាអ្វីដែលប្រមុខដឹកនាំរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែតម្កល់ទុកជាការងារអាទិភាពសម្រាប់កម្ពុជា។

ទី៤៖ ពង្រឹងសាមគ្គី និងឯកភាពជាតិ៖ ការអនុវត្តនយោបាយឈ្នះ-ឈ្នះ មិនមែន ត្រឹមតែនាំយកសន្តិភាពជូនជាតិនិងប្រជាជនកម្ពុជាពេញលេញឡើយ ប៉ុន្តែបានចូលរួម ក្នុងការផ្សះផ្សាជាតិខ្មែរដែលបានបែកបាក់ជាច្រើនរយឆ្នាំមក។ ភាពសុខដុមរមណីយ កម្មរវាងខ្មែរនិងខ្មែរមានភាពរឹងម៉ាំចាប់ពីចុងឆ្នាំ១៩៩៨ រហូតដល់ដើមឆ្នាំ ២០១៣ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រ ខ្មែរនៃយើង។ ប៉ុន្តែជាតិខ្មែរត្រូវបានបែកបាក់ សង្គមខ្មែរត្រូវបានប្រេះស្រាំបន្ទាប់ពីមេ ដឹកនាំនយោបាយបក្សពីរ សម រង្ស៊ី និង កឹម សុខា បានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ ដោយសារពួកគេបានឃោសនាបោកប្រាសរាស្ត្រខ្មែរ និងអនុវត្តនូវគោល នយោបាយបំបែកបំបាក់ជាតិ និងបញ្ឆេះកំហឹងរវាងអ្នកមាន និងអ្នកក្រ ដើម្បីគ្រាន់តែ ចង់បានការគាំទ្រសំឡេងឆ្នោតពីអ្នកគាំទ្ររបស់ខ្លួន។

កឹម សុខា មេបក្សប្រឆាំងត្រូវបាន ចាប់ខ្លួននិងចោទប្រកាន់ពីបទក្បត់ជាតិដោយសារតែមានផែនការសម្ងាត់ជាមួយអាមេរិកដើម្បីធ្វើបដិវត្តន៍ផ្លាស់ប្តូររបប និងមេដឹកនាំនៅកម្ពុជាតាមបែបមិនប្រជាធិបតេយ្យ និងមានផែនការយកកម្ពុជាដាក់ក្រោមនឹមអាណានិគមបែបថ្មីរបស់អាមេរិក។ ចំពោះ មុខការបំបែកបំបាក់ជាតិ និងនាំកម្ពុជាចូលក្នុងភាពវឹកវរសារជាថ្មីរបស់បក្សប្រឆាំងនេះ សម្តេចតេជោ ហ៊ុន សែន បានខិតខំក្នុងការពង្រឹងសាមគ្គីជាតិ និងឯកភាពជាតិខ្មែរ និង បានការពារពីការលូកដៃកកូរកកាយពីបរទេស។ សម្តេចតេជោ ហ៊ុន សែន គឺជាមជ្ឈមណ្ឌលឯកភាព និងសាមគ្គីជាតិខ្មែរ និងជានិមិត្តរូបនៃសន្តិភាព ព្រោះក្នុងនាមជាស្ថាបនិកសន្តិភាពម្នាក់នៅកម្ពុជា សម្តេចតេជោបានប្តេជ្ញាការងារទោះក្នុងតម្លៃណាក៏ដោយ មិនឱ្យនរណាម្នាក់ឬក្រុមជនណាមកបំផ្លាញ សន្តិភាពរបស់ប្រជាជនកម្ពុជាមួយប្រទេស ឡើយ។

មេដឹកនាំកម្ពុជាបានតម្តល់គ្រប់ផលប្រយោជន៍ជាតិជាធំ ហើយមានតែប្រជាជន ខ្មែរទេដែលស្រឡាញ់ខ្មែរពិតប្រាកដ និងរួមគ្នាជ្រោងទង់កម្ពុជាប្រឆាំងនឹងការឈ្លានពានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងរួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានដូចអ្វីដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងនៅចំពោះមុខ មហាសន្និបាតអង្គការសហប្រជាជាតិថា៖ «…..សព្វថ្ងៃនេះ ប្រសិនបើយើងមិនធ្វើការវិនិ យោគខ្លួនឯង ដួងចិត្ត គំនិត និងប្រជាជាតិយើង ប្រសិនបើយើងមិនកសាង គ្រួសារដ៏រឹងមាំ សហគមន៍ប្រកបសុខសុវត្ថិភាព និងសង្គមប្រកបដោយសុខុមាលភាពសម្រាប់ ខ្លួនយើងទេ គឺគ្មាននរណាម្នាក់អាចធ្វើវាសម្រាប់យើងបានទេ»

ដូច្នេះយើងជាប្រជាជនកម្ពុជា គួរចូលរួមទាំងអស់គ្នាជ្រោងទង់ជាតិកម្ពុជា ដើម្បីវិបុលភាពសម្រាប់សង្គមជាតិ យើងនិងការពារជាតិយើងពីការឈ្លានពាន និងជ្រៀតជ្រែករបស់បរទេស ហើយជឿជាក់ថា អ្នករដ្ឋការមួយចំនួនក្រោមរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានស្តាប់ និងមិនព្យាយាមក្នុងការធ្វើសកម្មភាព ឬបញ្ចេញអាកប្បកិរិយាក្នុងក្នុងនាមជាម៉ែឪកម្ពុជាទៀតឡើយ ប៉ុន្តែគឺជាដៃគូស្មើភាព និងស្មើសិទ្ធិ៕

ដោយ៖ ចៅចាក់ស្មុក

សូមស្តាប់សុន្ទរកថារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក៖