(កំពង់ធំ)៖ ប្រជាពលរដ្ឋចំនួន៧នាក់ ក្នុងនោះម្នាក់ជាមន្ដ្រីឧទ្យានុរក្សបរិស្ថាន​ព្រៃឡង់, ៣នាក់​រស់នៅឃុំសណ្ដាន់ និង៣នាក់ទៀតរស់នៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានស្លាប់ជាបន្ដបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារតែហូបស្រាច្រើននិងសាច់សត្វឆៅនៅក្នុងព្រៃ។

ព័ត៌មានពីពលរដ្ឋក្នុងមូលដ្ឋានបានបញ្ជាក់ថា នៅពេលស្លាប់ជាបន្ដបន្ទាប់បែបនេះ ពួកគាត់មិនបានគិតរឿងជំងឺ ឬការហូបចុកមិនត្រឹមត្រូវនោះទេ គឺគិតថាមកពីអ្នកតាធ្វើ ហើយខ្លះបាននាំគ្នាចេញពីភូមិ ក្នុងឃុំមានរិទ្ធ ប៉ុន្ដែអាជ្ញាធរបានអះអាងថា មិនមែនជាបញ្ហាអ្វីខ្លាំងខ្លានោះទេ ព្រោះថានៅពេលចុះទៅស្រាវជ្រាវនោះរកឃើញថា មកពីពួកគាត់ហូបសាច់ឆៅ និងស្រាច្រើនទើបបណ្ដាលឲ្យស្លាប់ ប៉ុន្ដែការស្លាប់នេះមិនមែនស្លាប់ម្ដងទាំងអស់នោះទេ។

អភិបាលស្រុកសណ្ដាន់ លោក ឡុង គីសឹង បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះថា ក្រោយពីមានហេតុការណ៍នៅថ្ងៃដំបូង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលមន្ត្រីឧទ្យានុរក្សបរិស្ថានព្រៃឡង់ម្នាក់ បានឈឺធ្ងន់ហើយត្រូវបាន លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បញ្ជូនទៅសង្គ្រោះប៉ុន្ដែបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ។ អភិបាលស្រុកបន្ដថា ក្រោយមកកម្លាំងអាជ្ញាធរបានចុះទៅស្រាវជ្រាវបានរកឃើញថា ការស្លាប់នេះបណ្ដាលមកពីគាត់បរិភោគ​សាច់ឆៅ ដែលមានជាតិប៉ារ៉ាស៊ីត។

ដោយឡែកពលរដ្ឋ៣នាក់ផ្សេងទៀត នៅឃុំសណ្ដាន់ គាត់បានទៅដើរព្រៃ ហើយហូបស្រាច្រើន ដោយស្រានោះមានសភាពខ្លាំងពេកទើប បណ្ដាលឲ្យស្លាប់ ហើយពលរដ្ឋ៣នាក់ នៅឃុំមានរិទ្ធនោះ មានជំងឺឈឺថ្កាត់ក៏បណ្ដាលឲ្យស្លាប់ដូចគ្នាផងដែរ។

លោក ឡុង គីសឹង បានអះអាងថា ក្រោយកើតហេតុការណ៍នេះ រូបលោក និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅអប់រំណែនាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបង្កើនការយកចិត្តទុកដាក់លើការហូបចុក ដើម្បីកុំឲ្យប៉ះពាល់សុខភាព។ យ៉ាងណាមិញ លោកបានបញ្ជាក់ថា បញ្ហានេះមិនមែនជារឿងអ្វីខ្លាំងនោះទេ ដោយគ្រាន់តែពលរដ្ឋផ្អើលតគ្នាតែប៉ុណ្ណោះ ប៉ុន្ដែទោះជាយ៉ាងណា លោកក៏បានចុះទៅផ្សព្វផ្សាយរួចហើយផងដែរ៕