(ប៉ារីស, បារាំង)៖ ក្រុមហ៊ុន និងសហគ្រាសឯកជនរបស់បារាំងជាង៣០០ នឹងមកសិក្សាស្វែងរកលទ្ធភាពវិនិយោគនៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈមូលនិធិ FPI (Fondation Prospective Innovation) របស់ប្រទេសបារាំង។ ក្រុមហ៊ុន និងសហគ្រាសទាំងនោះ នឹងវិនិយោគលើវិស័យកាត់ដេរ សម្លៀកបំពាក់ និងវាយនភ័ណ្ឌ វិស័យកសិកម្ម និងវិស័យទេសចរណ៍។

ការបង្ហាញនូវគម្រោងមកវិនិយោគនៅកម្ពុជានេះ ត្រូវបានបញ្ជាក់ដោយលោក លោក Jean-Pierre RAFFARIN ប្រធានមូលនិធិ FPI (Fondation Prospective Innovation) ដែលជាអតីតនាយករដ្ឋមន្រ្តីបារាំង និងជាសមាជិកសភាកិត្តយសនៃប្រទេសបារាំង ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅវិមានព្រឹទ្ធ សភានៃប្រទេសបារាំងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញនេះ។

នៅចំពោះមុខអ្នកការទូតជាច្រើនរូប ប្រធានសមាគមពាក់ព័ន្ធនឹងវិស័យកាត់ដេរសម្លៀកបំពាក់ ដែលមកពីប្រទេសផ្សេងៗ អ្នកបញ្ជារទិញធំៗ (BUYER) និងតំណាងក្រុមហ៊ុនរៀបចំពិព័រណ៍ MESSE FRANKFURT លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងមួយឆ្នាំក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ។ លោករដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សំដៅបង្កបរិយាកាសធុរកិច្ចដ៏ល្អប្រសើរប្រែក្លាយកម្ពុជាឲ្យទៅជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគ និងធ្វើធុរកិច្ច។

លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានប្រាប់អ្នកការទូត ក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់ផងដែរ អំពីទំនាក់ទំនងល្អរវាងកម្ពុជា-បារាំងកន្លងមករហូតមកដល់ពេលនះ ជាពិសេសផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ក្នុងនោះ លោករដ្ឋមន្រ្តី បានលើកឡើងអំពីប្រព័ន្ធអនុគ្រោះ «EVERYTHING BUT ARMS (EBA)» ដែលបានអនុញ្ញាតឲ្យកម្ពុជាអាចនាំចេញទំនិញគ្រប់ប្រភេទ (លើកលែងតែអាវុធ) ទៅកាន់សហគមអឺរ៉ុប ដោយមិនជាប់ពន្ធ និងកាតព្វកិច្ចផ្សេងៗឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ ក៏បានស្នើដល់ភាគីបារាំង ឲ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាពិសេសជំរុញភាគីបារាំង ឲ្យមកធ្វើការវិនិយោគបន្ថែមទៀតនៅកម្ពុជាទៅលើវិស័យកាត់ដេរ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងផលិតផលសក្តានុពលជាច្រើនទៀត។

លោក Jean-Pierre RAFFARIN បានកោតសរសើរយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយថាកម្ពុជាពិតជាមានកម្លាំងពលកម្មគ្រប់គ្រាន់ មានធនធានធម្មជាតិសម្បូរណ៍បែប និងមានទីតាំងអំណោយផលសម្រាប់ធានាដល់ការធ្វើវិនិយោគយូរអង្វែងផងដែរ។

លើសពីនេះទៅទៀត តាមរយៈមូលនីធី FPI (Fondation Prospective Innovation) នៃប្រទេសបារាំង លោក Jean-Pierre RAFFARIN នឹងប្រមែប្រមូលក្រុមហ៊ុន និងសហគ្រាសឯកជនបារាំងជាង៣០០ មកសិក្សាពីលទ្ធភាពវិនិយោគ និងធ្វើការវិនិយោគនៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

អតីតនាយករដ្ឋមន្រ្តីបារាំងរូបនេះ បានបង្ហាញការជឿជាក់ថា ក្រុមហ៊ុន និងសហគ្រាសឯកជនទាំងនោះ នឹងទៅកម្ពុជា ដើម្បីបើកក្រុមហ៊ុន និងវិនិយោគលើវិស័យកាត់ដេរ សម្លៀកបំពាក់ និងវាយនភ័ណ្ឌ វិស័យកសិកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា។

តាមរយៈការវិនិយោគដែលនឹងកើតឡើងយ៉ាងពិតប្រាកដខាងមុខនេះ នឹងជួយឲ្យការនាំចេញរបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុបមានការកើនឡើងបន្ថែមទៀត ជាពិសេសការបញ្ជារទិញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលកសិកម្មរបស់កម្ពុជាពីសហគមន៍អឺរ៉ុប៕