(គូឡាឡាំពួ)៖ បុរសចំនួន ០៧នាក់ ដែលត្រូវបានគេសង្ស័យថា ជាក្រុមឧទ្ទាមអាប៊ូសាយយ៉ាហ្វ​មានប្រភពពី​ប្រទេសហ្វីលីពីន ត្រូវបានអាជ្ញាធរ​ម៉ាឡេស៊ីចាប់ខ្លួន នៅក្នុងរដ្ឋធានី​គូឡាឡាំពួ​តែម្តង នៅក្នុងប្រតិបត្តិការ​ក្តៅគគុកមួយ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។

ប្រតិបត្តិការខាង​លើនេះ បានចាប់ផ្តើមឡើង​តាំងតែពីថ្ងៃទី១៤ ខែកញ្ញា មកម្ល៉េះ ដោយសរុប​លទ្ធផលកន្លង​មកនេះ ក្រុមជនសង្ស័យ​ទាំង ០៧នាក់ ដែលត្រូវបាន​ចាប់ខ្លួន គឺមានអាយុ​ចន្លោះ​ពី ២២ឆ្នាំ ទៅ ៣៨ឆ្នាំ ដោយពួកគេបាន​ចូលមកប្រទេសម៉ាឡេស៊ី នៅមុនពេល​ពិធី​បុណ្យជាតិ និងនៅថ្ងៃបិទបញ្ចប់នៃការប្រកួតកីឡា​អាស៊ីអាគ្នេយ៍ ឬ SEA Games ឆ្នាំ២០១៧។

គួរបញ្ជាក់តាម​សមត្ថកិច្ចថា ជនសង្ស័យមួយចំនួន​បានបម្រើការងារជា​កងកម្លាំងសន្តិសុខ ឲ្យក្រុមហ៊ុនឯកជន​ប្រចាំរដ្ឋ Selangor ស្ថិតនៅឆ្នេរភាគខាងលិចប្រទេសម៉ាឡេស៊ី និងទីក្រុង​គូឡាឡាំពួ។ បន្ថែមពីនេះ ជនសង្ស័យ​អាយុ ២២ឆ្នាំម្នាក់ក្នុង​ចំណោមនោះ ត្រូវបានគេ​ដឹងថា ធ្លាប់ចូលរួមប្រយុទ្ធ​ប្រឆាំង​នឹងកងកម្លាំងរដ្ឋាភិបាល​ហ្វីលីពីន នៅភាគខាងត្បូង​​ប្រទេសថែមទៀតផង៕