(ភ្នំពេញ)៖ នៅយប់វេលាម៉ោង៣៖៣០នាទី ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ មានករណីផ្ទុះផាវគ្រាប់បែកបណ្តាលឲ្យកុមារាម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងកុមារចំនួន៣នាក់ផ្សេងទៀតរងរបួសស្រាល ស្ថិតនៅភូមិទួលលាភ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមជនរងគ្រោះនាំគ្នាទិញផាវ គ្រាប់បែកទៅដុតលេងដែលមានគ្នីគ្នាចំនួន៥នាក់ ទៅលេងបោះផាវជាមួយក្រុមផ្សេង តែមិនស្គាល់ឈ្មោះមិនដឹងចំនួន ពេលដែលកំពុងតែលេង ស្រាប់តែក្មេងមួយក្រុមទៀតបានបោះផាវ មកចំជនរងគ្រោះបណ្ដាយឲ្យស្លាប់នៅកន្លែងកើត និងរបួស៣នាក់។

សមត្ថកិច្ចដដែល បានបន្តថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ សុ ផល ភេទប្រុស អាយុប្រហែល១៣ឆ្នាំ ចំណែកកុមាររងគ្រោះផ្សេងទៀត ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

​សូមរំលឹកថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅមានករណីផ្ទុះឡានដឹកផាវគ្រាប់បែកដែលបណ្តាលឲ្យមនុស្សស្លាប់២នាក់ ខូចខាតផ្ទះប្រជា​ពលរដ្ឋចំនួន១៥ខ្នង នៅក្បែរកន្លែងកើតហេតុរងការខូចខាត និងម៉ូតូដឹកផ្ទុកលើរថយន្ត៣គ្រឿង ផងដែរនៅខេត្តបន្ទាយមានជ័យ៕