(សិង្ហបុរី)៖ តបតាមការអញ្ជើញរបស់សហគ្រាសអន្តរជាតិសិង្ហបុរី ដែលជាស្ថាប័នស្ថិតក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាផ្តល់យោបល់ស្តីពីការធ្វើធុរកិច្ចនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីលោក ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី និងតំណាងក្រុមហ៊ុនចំនួន៦០។

លោក សុខ ចិន្តាសោភា បានចែករម្លែកដល់អ្នកចូលរួមដោយបានធ្វើបទបង្ហាញស្តីពីកាលានុវត្តភាពនៃការធ្វើធុរកិច្ចនៅកម្ពុជា និងក្របខណ្ឌគតិយុត្តិសម្រាប់ការចូលក្នុងទីផ្សារកម្ពុជា។

តាមរយៈសិក្ខាសាលានាថ្ងៃនេះ លោក សុខ ចិន្តាសោភា សង្ឃឹមថាពាណិជ្ជករ និងវិនិយោគិនសិង្ហបុរីនឹងយល់កាន់តែច្បាស់អំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលមានលក្ខណៈអំណោយផល ហើយពួកគាត់នឹងបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

សូមបញ្ជាក់ថា តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០១៧ ការវិនិយោគ របស់សិង្ហបុរីនៅកម្ពុជាមានទឹកប្រាក់សរុបប្រមាណ ១.៤៣ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានទុនវិនិយោគសរុបប្រមាណ ១៧២លានដុល្លារអាមេរិក៕