(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ បានអនុញ្ញាតឲ្យលោក Thach Du ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ ចូលជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់ការបំពេញបេសកកម្មរបស់ខ្លួននៅកម្ពុជា។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់ជំនួបនោះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ក្នុងជំនួបនោះ លោក Thach Du បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយសម្រួលការងារបេសកកម្ម ការទូតរបស់លោកនៅកម្ពុជា ឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ លោក Thach Du បានគោរពជម្រាបជូនសម្តេចតេជោថា ក្នុងបេសកកម្មរបស់ខ្លួននៅកម្ពុជា គឺបានជំរុញឲ្យមានទំនាក់ទំនង រវាងប្រទេសទាំង២កាន់តែ មានភាពប្រសើរឡើង ជាពិសេសលើវិស័យវិនិយោគ វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអប់រំ និងវិស័យសុខាភិបាលជាដើម ដែលទំនាក់ទំនងទាំងនេះ អាចមានការរីកចម្រើនឡើង ដោយសារការជួយជ្រោមជ្រែង ពីថ្នាក់ដឹកនាំកម្ពុជា។

ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ លោក Thach Du ដែលបានប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យលោក Thach Du ទទួលបានជោគជ័យបន្តទៀត ក្នុងការងាររបស់ខ្លួននៅពេលខាងមុខ៕