(ស្វាយរៀង)៖ ក្រោយពេលដែលប្រជាពលរដ្ឋ នៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បង្ហាញក្តីភ័យខ្លាច ចំពោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក នៅក្នុងភូមិឋានរបស់ពួកគាត់រួចមកនោះ នៅថ្ងៃទី២១ ខែកញ្ញានេះ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បានអះអាងថា ស៉ីម៉ាក់នឹងសហការជាមួយអាជ្ញាធរអាវុធគីមី ចុះប្រតិបត្តិការដោះគ្រាប់បែកគីមី នៅពេលឆាប់ៗខាងមុខនេះ នៅក្នុងឱកាសដែលសិស្សានុសិស្សឈប់សម្រាកវិស្សមកាល។

លោក ហេង រតនា បានអះអាងប្រាប់អង្គភាព Fresh News ថា «ករណីគ្រាប់បែកគីមីនៅវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ​ខេត្តស្វាយរៀងនេះ​ មានភាពស្មុគស្មាញ​ទាំងបច្ចេកទេស​ពេលវេលា និងសុវត្ថិភាព ជាពិសេសពាក់ពន្ធ័នឹងពេលវេលាក្មួយៗជាប់សិក្សា​ ព្រោះកិច្ចប្រតិបតិ្តការអាចត្រូវការយូរថ្ងៃដែរ»។

អគ្គនាយករូបនេះ បានបញ្ជាក់ទៀតថា «ឥឡូវនេះដល់ពេលវិស្សមកាល​ ដូចនេះកំលាំងជំនាញអាចរួសរាន់ ដើម្បីដោះស្រាយឱយបានឆាប់បំផុត។ សូមអរគុណដែលអាជ្ញាធរមូលដ្ឋន​ លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សបានគោរពតាមការណែនាំ របស់មន្ត្រីស៉ីម៉ាក់យ៉ាងខ្ជាប់ខ្ជួន»

សូមជម្រាបថា អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រជាពលរដ្ឋក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានរកឃើញគ្រាប់បែកគីមីដែលទម្លាប់ដោយ សហរដ្ឋអាមេរិក មកលើទឹកដីខ្មែរ និងបានរាយការណ៍មន្ត្រីជំនាញ ដើម្បីឲ្យដោះគ្រាប់បែកគីមី នោះចេញពីភូមិឋានរបស់ពួកគាត់ តែរហូតមកដល់ពេលនេះ គ្រាប់បែកទាំងនោះតែបង្កភាពភ័យខ្លាច ដល់ពួកគាត់នៅឡើយ។

ទោះបីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក្តី ឬក៏បុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋនៅតំបន់នោះ នៅតែមានការភ័យខ្លាច ដោយសារគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក និងបានអំពាវនាវដល់មន្ត្រីជំនាញ ជួយដោះស្រាយឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យពួកគាត់បានសុខសប្បាយ មិនរស់ក្នុងក្តីព្រួយបារម្ភពីសារធាតុគីមី ដែលភាយចេញពីគ្រាប់បែកនោះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ លោកវរសេនីយ៍៍ទោ សំ សំអុល អធិការនគរបាលស្រុករមាសហែក ខេត្តស្វាយរៀង បានបញ្ជាក់ថា ក្រោយពេលរកឃើញគ្រាប់បែកគីមីនៅពីរទីតាំង ដែលមួយទីតាំងក្នុងសាលារៀន និងមួយទៀតនៅក្នុងវត្ត ឃើញមានមន្ត្រីជំនាញជាច្រើនចុះមកកន្លែងនោះ និងបានបិទតង់ហ៊ុព័ទ្ធទីតាំងទាំង២នោះ មិនឲ្យមានអ្នកចូលប៉ះពាល់ឡើយ។ បន្ទាប់ពីនោះមកមិនទាន់ឃើញ មានធ្វើអ្វីទៀតទេ។

ក្នុងនាមសមត្ថកិច្ចដែលថែរក្សាសន្តិសុខក្នុងមូលដ្ឋាន លោកអធិការស្រុក បានអំពាវនាវឲ្យមន្ត្រីជំនាញជួយដោះស្រាយបញ្ហាគ្រាប់បែកគីមីនេះ ឲ្យបានឆាប់ដើម្បីកុំឲ្យ ប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស មានការភ័យខ្លាចបន្តទៀត។

អតីតមេឃុំគគីរ លោក ដុំ សំអន ដែលមានវ័យ៧៥ឆ្នាំហើយនោះ បានបញ្ជាក់ឲ្យ Fresh News ដឹងផងដែរថា បើទោះបីជាគ្រាប់បែកគីមីនេះ មិនទាន់បានរំដោះចេញក្តី ក៏ប្រជាពលរដ្ឋ និងសិស្សសាលា នៅតែទៅធ្វើបុណ្យ និងសិក្សាដូចធម្មតា ព្រោះជាទម្លាប់ទៅហើយ ប៉ុន្តែទោះជាយ៉ាងណាពួកគាត់ មិនទាន់ស្ងប់ចិត្តឡើយ បើគ្រាប់បែកគីមីនេះ នៅតែកប់ក្នុងភូមិឋានរបស់ពួកគាត់នៅឡើយនោះ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៧ គ្រាប់បែកគីមីចំនួន២គ្រាប់ ​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ត្រូវបានមន្ត្រីជំនាញរបស់ស៉ីម៉ាក់ រកឃើញចំនួន២ទីតាំងជិតគ្នា គឺក្នុងសាលាបឋមសិក្សាគីគរ និងវត្តគគីរ ស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រោយរកឃើញគ្រាប់បែកគីមីនោះ មន្ត្រីជំនាញរបស់ស៉ីម៉ាក់បានចុះទៅសិក្សា និងបានហ៊ុព័ទ្ធទីតាំងគ្រាប់ទាំងពីរកន្លែងនោះមិនឲ្យប្រជាពលរដ្ឋ ឬសិស្សសាលាទៅជិត និងប៉ះពាល់ឡើយ ដោយរង់ចាំសហការជាមួយអាជ្ញាធរអាវុធគីមី ចុះប្រតិបត្តិការរំដោះគ្រាប់បែកគីមីទាំង២គ្រាប់នៅពេលខាងមុខ។

សូមជម្រាបថា អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា គ្រាប់បែកគីមី​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។

គួររំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ​ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកម្ទេចពួកយៀកកុង​ ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕