(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសារខ្លីមួយនៅលើបណ្តាញ Facebook ផ្លូវការរបស់ខ្លួន ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសំអាតសំរាមមុខលូ មុខលំនៅដ្ឋានរៀងៗខ្លួន ដើម្បីជៀសវាងការស្ទះផ្លូវទឹកពេលមានភ្លៀងធ្លាក់ម្តង។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីនៅពេលមានភ្លៀងធ្លាក់ គេតែងសង្កេតឃើញមានសំរាមតែងកកស្ទះនៅមុខចំរ៉ឹងដែកអណ្តូងលូ ដែលជាហេតុនាំឲ្យស្ទះផ្លូវទឹក បណ្តាលឲ្យលិចទឹកលើដងផ្លូវ។

រដ្ឋបាលរាជធានីភ្នំពេញ បានសរសេរលើ Facebook ផ្លូវការរបស់ខ្លួនថា «ក្រោយភ្លៀង សំរាមតែងកកស្ទះនៅមុខចំរ៉ឹងដែកអណ្តូងលូ ដែលជាមូលហេតុស្ទះផ្លូវទឹក បណ្តាលអោយលិចទឹកលើដងផ្លូវ។ សូមចូលរួមសំអាតសំរាម មុខអណ្តូងលូ មុខលំនៅដ្ឋានរៀងៗខ្លួន!»