(តាកែវ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសោម បានបង្រ្កាបករណីជួញដូរគ្រឿងញៀន (កញ្ឆាក្រៀម) ពីប្រទេសកម្ពុជា ឆ្លងទៅប្រទេសវៀតណាម នៅចំណុចចន្លោះបង្គោលព្រំដែនលេខ២៧៨ និង២៧៩ ជិតប៉ុស្តិ៍នគរបាលការពារព្រំដែនសំបុកមាន់ (វរះ៦០៣) ស្ថិតក្នុងភូមិព្រាល ឃុំសោម ស្រុកគិរីវង់ ដោយបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ហ្វៀង ថាន់ជី ( NGUYEN THANH CHI ) ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិវៀតណាម) ខណៈបក្ខពួកម្នាក់ទៀតរត់ចូលប្រទេសវៀតណាមបាត់។

សមត្ថកិច្ចបញ្ជាក់ថា ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ដោយដកហូតវត្ថុតាងរួមមាន៖ កញ្ឆាក្រៀមចំនួន១១ដុំ ស្មើ១១គីឡូ ម៉ូតូ១គ្រឿង ម៉ាកហុងដា ស្លាកលេខ 68 S4:8230 និងសម្ភារៈមួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីនេះកម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចវៀតណាមស្រាវជ្រាវស្វែងរកមេក្លោង និងបក្ខពួកដែលរត់គេចខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕