(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ មន្ត្រីចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចូលបម្រើការងារចុះឈ្មោះដូចធម្មតាវិញ បន្ទាប់ពីឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែកញ្ញា ឆ្នាំ២០១៧។

ជាមួយគ្នានេះ គ.ជ.ប នៅតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះឆ្នោតនោះត្រូវត្រៀមខ្លួន និងឯកសារឲ្យបានរួចជាស្រេច ដើម្បីទៅចុះឈ្មោះបោះឆ្នោតនៅសាលាឃុំ-សង្កាត់ ឲ្យបានគ្រប់គ្នា ចាប់ពីថ្ងៃទី២២ ខែកញ្ញាតទៅ។

សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕