(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ (គិតត្រឹមម៉ោង២រសៀល) ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២០លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ និងរបួសធ្ងន់ស្រាល៣៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង២០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២៨គ្រឿង រថយន្តតូច៨គ្រឿង និងរថយន្តធំ១ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៣លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន១៥នាក់ របួសធ្ងន់ចំនួន៣៦នាក់ និងរបួសស្រាលចំនួន២១នាក់៕