(ភ្នំពេញ)​៖ គណៈប្រតិភូជាន់ខ្ពស់សភា​នៃ​កម្ពុជា ដឹកនាំដោយ សមេ្តច​​ព​ញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ បាន​អញ្ជើញ​និវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួម​មហាសន្និ​បាត​អន្តរ​​សភា​អា​ស៊ាន (AIPA) លើកទី​៣៨ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី​១៤ ខែ​កញ្ញា​ ឆ្នាំ២០១៧​​មក។

នៅក្នុង​​មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ​និងគណៈ​ប្រតិ​ភូ​ជាន់ខ្ពស់សភាកម្ពុជា បានចូលរួម​កិច្ចប្រជុំ កម្មវិធីជាច្រើនរបស់អាយ​ប៉ា នៅ​ក្នុងនោះ​​សម្តេច​​ប្រធានគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់​អាយប៉ា ចូលរួមពិធីបើកមហាសន្និបាត ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ កិច្ច​ប្រជុំ​ពេញ​អង្គ​លើកទី២ ចូលរួម​ពិធីបិទ​មហាសន្និបាត​ជាដើម។

​ឆ្លៀ​តក្នុងឱកាស​ចូល​រួមម​ហា​សន្និបាតនេះ សម្តេច​ប្រធាន​រដ្ឋសភា បានជួបសវនាការជាមួយភ្ញៀវអន្តរជាតិមួយចំនួន​ទៀត ជា​លក្ខណៈ​ទ្វេរភាគី​ផង និងក្នុង​ក្របខណ្ឌ​អាយប៉ាផងដែរ។

ដោយឡែកសមាជិកគណៈប្រតិភូផ្សេងទៀត បានចូលរួមក្នុងកិច្ចប្រជុំនានារបស់ គណៈកម្មាធិការជំនាញរបស់អាយប៉ា ដែលមានដូចជាគណៈកម្មាធិការសេដ្ឋកិច្ច គណៈ​កម្មាធិ​​ការស្រ្តី (WAIPA) គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ​ជាដើម ដែល​សរុបទៅ​គណៈ​កម្មាធិការជំនាញអាយប៉ា បានសម្រេចសេចក្តីសម្រេចចំនួន២២ នៅក្នុង​មហា​សន្និ​បាត​ លើក​ទី៣៨នេះ។

វត្តមានរបស់គណៈប្រតិភូសភាកម្ពុជា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន​នាពេល​​នេះ បានបង្ហាញឲ្យឃើញពីការចូលរួមយ៉ាងសកម្ម របស់សភាកម្ពុជា នៅក្នុងវិស័យ​ការទូត​សភា ដែលបានចូលរួមចំណែកកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់​ ក៏ដូច​ជា​ពិភព​​លោក​តាមយន្តការសភា ដែលយកការអនុវត្តច្បាប់ជាធំនោះ៕