(ព្រះសីហនុ)​៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះថា កម្លាំង​​ផែនព្រហ្មទណ្ឌ​​ សហការជាមួយអធិការ​ដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាល​ស្រុកស្រែអំបិល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចាប់ខ្លួនជនសង្ស័យ៣នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីម្នាក់។

លោកស្នងការបញ្ជាក់ថា ការឃាត់ខ្លួននេះត្រូវបា​នធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយក្នុងចំណោមជនសង្ស័យទាំង៣នាក់នោះ ២នាក់ចាប់ខ្លួននៅស្រុកស្រែអំបិល និងម្នាក់ទៀតចាប់នៅក្រុងព្រះសីហនុ

​បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ​ហេតុការណ៍នេះកើតឡើងនៅ​យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង​ព្រះសីហនុ ដោយជនរងគ្រោះឈ្មោះ ម៉ម ឡាំងហួយ អាយុ​១៩ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ​។ ដោយឡែកសម្ភារៈបាត់បង់ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone7plus ពណ៌ខ្មៅ,​ អត្តសញ្ញាណប័ណ្ណ​២សន្លឹក, លុយ​​២៥ដុល្លារ, កា​បូបកាន់ដៃ​១។

លោកបន្ថែមថា ជនសង្ស័យដែលចាប់បានទី១៖ឈ្មោះ ​ផា រិនហៃ ​អាយុ​១៧ឆ្នាំ, ទី២៖ឈ្មោះ សោម រ័ត្ន អាយុ​១៩ឆ្នាំ និងទីឈ្មោះ ហុង ដារ៉ា អាយុ​១៧ឆ្នាំ ក្នុងនោះដកហូតបានម៉ូតូនិច ១គ្រឿង ដែលជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព និងសម្ភារៈរបស់ជនរងគ្រោះ ប៉ុន្ដែសម្ភារៈទាំងអស់នោះត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ។​

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕