(ពោធិ៍សាត់)​៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ​ ម៉ាល័យ ព្រមទាំងបុត្រ​ និងចៅ​ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ​អញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ ក្នុងថ្ងៃភ្ជុំបិណ្ឌជាមួយព្រះសង្ឃ​ ពុទ្ធបរិស័ទ​​ចំនួន១,៤០០នាក់​ ក្នុងវត្តលលកស​ សង្កាត់លលកស​ ក្រុងពោធិ៍សាត់​។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ​ គឹមយ៉ាន​ និងក្រុមគ្រួសារបាននាំយកនូវទេយ្យទាន​ និងទេយ្យវត្ថុ ចែកជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ និងប្រគេនជូនព្រះសង្ឃមាន ​ប្រជាពលរដ្ឋចំនួន១៤០០នាក់​ ក្នុងម្នាក់ៗទទួលបាន សារុង១ ​និងថវិកា១ម៉ឺនរៀល, បច្ច័យកសាងវត្ត២,៥០០ដុល្លារ និងស៊ីម៉ង់៥តោន។

ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋថែរក្សា ទុកតាំងពីបុរាណកាលមក ហើយ​ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជនមានមាតាបីតា​ ជីដូនជីតា​ ញាតិការទាំងប្រាំពីរសណ្តាន​ ដែលបានចែកឋាន ទៅកាន់បរលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ​ ហើយការប្រារព្ធពិធីបុណ្យជាតិនេះ គឺបានបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ​ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ​ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕