(ភ្នំពេញ)៖ លោក លីវ យុនសាន សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តចិន បានបញ្ជាក់ថា រដ្ឋាភិបាលចិន គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពេញទំហឹងតែម្តង ហើយនេះក៏ជាសញ្ញាទៅកាន់ពិភពលោកថា កម្ពុជា-ចិន គឺគ្មានបរទេសណាមកបំបែកបំបាក់ បានឡើយ។ លោក លីវ យុនសាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្រ្តី លី ឃឺឈៀង ជូនដល់សម្តេចតេជោផងដែរ។

ការអះអាងរបស់មន្រ្តីជាន់ខ្ពស់ចិនរូបនេះ បានធ្វើឡើងខណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញ លោក លីវ យុនសាន សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តចិន ជាមួយនឹងគណប្រតិភូជាច្រើនរូបទៀត ជួបសំណេះសំណាល នៅវិមានសន្តិភាព នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ ។

សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក លីវ យុនសាន និងគណៈប្រតិភូ ព្រមទាំងបានអរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង នាយករដ្ឋមន្រ្តី លី ឃឺឈៀង ចំពោះសម្តេច។

ទន្ទឹមនឹងនេះសម្តេចតេជោ បានបញ្ជាក់ថា ទំនាក់ទំនងរវាងដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងលក្ខណៈជាបងប្អូនរវាងចិន-កម្ពុជាគឺស្ថិតនៅរឹងមាំ ហើយការរីកចម្រើនរបស់កម្ពុជាគឺមិនអាចកាត់ផ្តាច់ពីមិត្តចិនបានឡើយ។ សម្តេចតេជោ បានអរគុណមិត្តចិន ដែលបន្តជួយកម្ពុជាក្នុងគ្រាលំបាករហូតមកដល់ពេលនេះ ក្នុងនោះគឺមានទាំងការគៀងគរអ្នកវិនិយោគគិន មកវិនិយោគនៅកម្ពុជា ជំនួយឥណទាន និងជំនួយឥតសំណងជាច្រើនដើម្បីអភិវឌ្ឍន៍ប្រទេស។ មកទល់ឆ្នាំ ២០១៧ នេះគឺកម្ពុជាទទួលជំនួយមិត្តចិនជាង៤,៨០០លានដុល្លារហើយ។

សម្តេចតេជោ ក៏បានស្នើឲ្យភាគីចិនជួយជំរុញឲ្យទុនសម្រាប់អភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវគមនាគមន៍ជាតិ ព្រលានយន្តហោះនៅខេត្តសៀមរាប នឹងព្រមទាំងពន្លឿនការនាំចូលអង្ករកម្ពុជាទៅកាន់ប្រទេសចិនក្នុងកូតាថ្មី (៣០០,០០០តោន) ឲ្យបានលឿនផងដែរ។ ហើយទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានស្នើសុំឲ្យជួយជំរុញការកសាងផ្លូវតាមជនបទ សាលារៀន តាមជនបទ និងស្រះទឹកតាមជនបទ…អោយបានឆាប់រហ័សដើម្បីបម្រើសេចក្តីត្រូវការ របស់ពលរដ្ឋជាពិសេស នៅតាមទីជនបទ។

នៅឆ្នាំ២០១៨ ខាងមុខនេះគឺត្រូវនឹងខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលកម្ពុជា និងចិននឹងត្រូវរៀបចំឲ្យបានល្អបំផុត។ ប្រទេសចិនបានសន្យា នឹងបន្តជួយកម្ពុជា បើកម្ពុជាជួបការលំបាក ហើយកម្ពុជាគឺនៅតែគាំទ្រប្រទេសចិនជានិច្ច។
លោក លីវ យុនសាន បានបញ្ជាក់ថា ប្រទេសយើងទាំងពីរបានស្គាល់មិត្តពិតប្រាកដក្នុងពេលមានអាសន្ន និងក្នុងពេលលំបាក។ ប្រទេសចិនគឺស្ថិតជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ជួយកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។ មុននឹងបញ្ចប់កិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក លីវ យុនសាន និងបានផ្តាំផ្ញើសួរសុខទុក្ខលោក លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង នាយករដ្ឋមន្រ្តិ លី ឃឺឈាង។

សម្តេចតេជោ ក៏បានអរគុណមិត្តចិនដែលបានផ្តល់ជំនួយ ២លានយាន់ បន្ថែមថ្ងៃនេះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ។ បន្ទាប់ពីកិច្ចប្រជុំនេះហើយ សម្តេចតេជោ ហ៊ុន សែន និង លោក លីវ យុនសាន បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួន ៦ ហើយបន្ទាប់មក សម្តេចតេជោ បានរៀបចំពិសារអាហារថ្ងៃត្រង់ជូន លោកលីវ យុនសាន និងគណប្រតិភូទាំងអស់ក្នុងបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង។

គួរបញ្ជាក់ថា លោក លីវ យុនសាន ធ្លាប់បានអញ្ជើញមកទស្សនកិច្ច នៅកម្ពុជា៣លើកមកហើយកាលពីឆ្នាំ ២០០៥ និង២០១៣ ដែលពេលនេះ គឺលោកបានឃើញ សំណង់អាគារខ្ពស់ៗជាច្រើនដែលបានបង្ហាញពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ទោះបីរូបលោកមានការមមារញឹកក្នុងការរៀបចំមហាសន្និបាតកំពូលលើកទី១៩ នៅប្រទេសចិនដែលនឹងគ្រោងធ្វើនៅថ្ងៃទ ១៨ ខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះយ៉ាងណាក៏ដោយ គឺលោក លីវ យុនសាន រីករាយ ក្នុងការមកបំពេញទស្សនកិច្ចដើម្បីរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាបងប្អូនទាំងពីរអោយកាន់តែខ្លាំងរឹងមាំល្អថែមទៀត៕