(ភ្នំពេញ)៖ អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក ចាន់ គីមសេង បានស្នើឲ្យអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ពិចារណាក្នុងការនាំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ មកសាកសួរលើសំណុំរឿង «ក្បត់ជាតិ» នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។

បើតាមលិខិតផ្ញើទៅកាន់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ដែល Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា លោក ចាន់ គីមសេង បានបង្ហាញការព្រួយបារម្ភថា ការបញ្ជូនលោក កឹម សុខា មកសាកសួរនៅសាលាឧទ្ធរណ៍អាចជួបបញ្ហាសន្តិសុខ សុវត្ថិភាព ដែលអាចកើតឡើងជាយថាហេតុនៅពេលដឹកជញ្ជូន ក៏ដូចជានៅពេលមានវត្តមាននៅសាលាឧទ្ធរណ៍។

សូមបញ្ជាក់ថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ខាងមុខ​នេះ​ នឹង​បើក​សវនាការ​បណ្តឹង​របស់​ក្រុម​មេធាវី​ ដែល​ប្តឹង​ប្រឆាំង​​​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​លោក ​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ចោទ​បទល្មើស​ «ក្បត់​ជាតិ​»។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពី​យប់រំលងអាធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួន បានធ្វើឡើងបន្ទាប់ពីវីដេអូមួយដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។

លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៧​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស​ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ឬបទ «ក្បត់ជាតិ» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​៕