(ភ្នំពេញ)៖ បុណ្យភ្ជុំឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋក្រៅពីទៅធ្វើបុណ្យតាមទីអារាមនានា និងជួបជុំក្រុមគ្រួសារហើយនោះ ពលរដ្ឋខ្លះទៀតបានសម្រុកទៅដើរលេងកម្សាន្ដ តាមរម្មណីយដ្ឋានផ្សេងៗផងដែរ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះថា ចំនួនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ ហាក់មានការកើនឡើងយ៉ាងខ្លាំងនៅតាមរម្មណីយដ្ឋានផ្សេងៗ នៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ សម្រាប់ថ្ងៃទី១៩ ខែកញ្ញាម្សិលមិញនេះ។

រដ្ឋមន្ដ្រី ថោង ខុន បានអះអាងថា «ប្រជាពលរដ្ឋយើងជាទេសចរក្នុងស្រុក រួមជាមួយទេសចរអន្តរជាតិ ពិត​ជាសប្បាយរីករាយនឹងសន្តិភាព រីករាយនឹងការអភិវឌ្ឍន៍ រីករាយនឹងជីវភាពរស់ប្រចាំថ្ងៃ ដែល​បានផ្តល់ឱកាសឲ្យពួកគាត់ បានធ្វើដំណើរកម្សាន្ដ​ដោយ​សេរី និងរីករាយក្រៃលែង​បានស្គាល់ការពិត នៃការរីកចម្រើន នៃទឹកដីជាទីស្រឡាញ់របស់ខ្លួន»។

លោករដ្ឋមន្ដ្រីបញ្ជាក់ថា អ្វីៗទាំងអស់នេះ គឺសុទ្ធតែកើតមានឡើងដោយសារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានសន្ដិភាព ស្ថេរភាពនយោបាយ ដែលឲ្យធ្វើឲ្យពលរដ្ឋអាចប្រកបរបររកស៊ីបានយ៉ាងងាយស្រួល ហើយទើបធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងមានឱកាសដើរលេងកម្សាន្ដសប្បាយយ៉ាង ដោយគ្មានភាពភ័យខ្លាចអ្វីទាំងអស់។

សូមទស្សនា​រូបភាព នៃការធ្វើបុណ្យនៅតាមទីវត្តអារាមនានា និងរូបភាពនៃការដើរលេងកម្សាន្ដតាមរម្មណីយដ្ឋានផ្សេងៗ នៅទូទាំងប្រទេស៖​