(ភ្នំពេញ-ប៉ារីស)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីគោលបំណងរបស់កម្ពុជា ដែលកំពុងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ា « APPAREL SOURCING PARIS 2017»នេះ គឺដើម្បីផ្សព្វផ្សាយពីឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់នៅកម្ពុជា ក៏ដូចជាដើម្បីជំរុញផលិតផលកាត់ដេរ និងសម្លៀកបំពាក់កម្ពុជា ចូលទៅក្នុងទីផ្សារអឺរ៉ុបបន្ថែមទៀត។

រដ្ឋមន្រ្តី បានប្រាប់ដល់អង្គពិធីទាំងមូល អំពីប្រព័ន្ធអនុគ្រោះ “EVERYTHING BUT ARMS (EBA)” ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញទំនិញគ្រប់ប្រភេទ (លើកលែងតែអាវុធ) ទៅកាន់សហគមន៍អឺរ៉ុបដោយគ្មានបង់ពន្ធនិងជាប់កាតព្វកិច្ចផ្សេងៗឡើយ ហើយតាមរយៈប្រព័ន្ធអនុគ្រោះ GSP/MFNផងដែរ ប្រទេសកម្ពុជាអាចនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ស្បែកជើង អង្ករ ស្ករត្នោត ម្រេច និងផលិតផលផ្សេងៗទៀតទៅកាន់សហគមន៍អឺរ៉ុប។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ខណៈលោកបានដឹកនាំគណៈប្រតិភូកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ចូលរួមក្នុងកម្មវិធី “GET TOGETHER EVENING” ដែលមានអ្នកចូលរួមប្រមាណជាង ៧០នាក់ រួមមាន៖ អគ្គរដ្ឋទូតនៃប្រទេសមួយចំនួនប្រចាំនៅប៉ារីស ភ្ញៀវជំនាញ អ្នកបញ្ជារទិញ (BUYER) ពាណិជ្ជករធំៗ (រួមទាំងកម្ពុជា) និងអ្នកតំណាងពាក់ព័ន្ធនឹងឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ជាច្រើនរូបទៀត។ឮ

បន្ថែមពីលើនេះ លោក ប៉ាន សូរស័ក្តិ មានជំនឿយ៉ាងមុតមាំថា កម្មវិធី «GET TOGETHER EVENING» នឹងបង្កើតបាននូវបណ្តាញទំនាក់ទំនងពាណិជ្ជកម្មមួយតាមរយៈការពិភាក្សាទល់មុខគ្នា ហើយទំនាក់ទំនងដ៏សំខាន់នេះ នឹងអាចនាំទៅរកការចាប់ដៃគូវិនិយោគជាមួយគ្នានាថ្ងៃអនាគតយ៉ាងពិតប្រាកដ។ ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ភ្ញៀវដែលចូលរួមក្នុងកម្មវិធីនេះទាំងអស់ ទទួលបានជោគជ័យក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ «APPAREL SOURCING PARIS 2017»។
នៅក្នុងឱកាសនោះ រដ្ឋមន្រ្តី បានជួបពិភាក្សាជាសំខាន់ជាមួយ លោក DETLEF BRAUN សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន MESSE FRANKFURT លោក SCHMIDT អនុប្រធានក្រុមហ៊ុន MESSE FRANKFURT លោក MICHAEL SCHERPE ប្រធានសាខាក្រុមហ៊ុន MESSE FRANKFURT នៅប្រទេសបារាំង អគ្គរដ្ឋទូតនៃប្រទេសនេប៉ាល់ និងអ្នកតំណាងធនាគារពិភពលោកផងដែរ។

ភ្ជាប់នឹងប្រព័ន្ធអនុគ្រោះខាងលើរដ្ឋមន្រ្តី បានស្នើដល់ភ្ញៀវចូលរួមទាំងអស់ បន្តជជែកពិភាក្សាគ្នា និងសហការគ្នាជាមួយកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា ក៏ដូចជាស្វែងរកទីផ្សារ និងចាប់ដៃគូវិនិយោគរួមគ្នាលើវិស័យកាត់ដេរ និងសម្លៀកបំពាក់៕