(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញមកបដិសេធ​ចំពោះ បុគ្គលដែលយកឈ្មោះរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅប្រើប្រាស់ដើម្បីសុំថវិកាជួយឧបត្ថម្ភដល់កងទ័ពនៅតាមបន្ទាត់ព្រំដែន ដែលទង្វើនេះជាការបោកប្រាស់សុទ្ធសាត។

ការចេញមកបដិសេធបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះ បន្ទាប់ពីប្រតិភូរាជធានីភ្នំពេញបានបញ្ចប់បេសកកម្ម និងវិលត្រឡប់មករាជធានីភ្នំពេញវិ្ មានជនខិលខួចមួយចំនួនបានធ្វើការទំនាក់ទំនងជាមួយអាជីវករ ពាណិជ្ជករ ដើម្បីស្នើសុំថវិកាក្រោមលេសថា «ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្នើសុំថវិកាដើម្បីឧបត្ថម្ភដល់កងទ័ពកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន»។

តាមសេចក្ដីជូនដំណឹងដែលចេញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមអភិបាលរាជធានីភ្នំពេញ​ ពុំដែលអនុញ្ញាតឲ្យបុគ្គលណាម្នាក់ ប្រើឈ្មោះឯកឧត្តមដើម្បីស្នើសុំថវិកាដើម្បីយកទៅឧបត្ថម្ភ ដល់កងទ័ពឡើយ ដែលតាមពិតជាការឆបោក ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ»។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងករណីមានខ្សែទូរស័ព្ទ ឬជនណាម្នាក់ទំនាក់ទំនងដើម្បីរ៉ៃអង្គាសថវិកា សូមរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចដែលនៅជិតបំផុត ឬទូរស័ព្ទលេខ ០១២ ៩៩៩ ៩៩៩៕