(កែប)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារចុះជួយខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្របណ្តោះអាសន្ន និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានផ្តាំផ្ញើទៅក្មួយៗជាសិស្សានុសិស្សទាំងអស់ត្រូវចេះស្រលាញ់ខ្លួន ស្រលាញ់ឪពុកម្តាយ ក្រុមគ្រួសារ និងស្រលាញ់អនាគតរបស់ខ្លួន ដោយត្រូវខិតខំបន្តទៀតក្នុងការក្រេបជញ្ជក់យកចំណេះវិជ្ជា និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន បងតូចបងធំ និងអំពើអបាយមុខផ្សេងៗ។ ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានផ្តល់នូវដំបូន្មានល្អៗ ជាច្រើនដល់ក្មួយៗជាសិស្សានុសិស្ស ដើម្បីធ្វើយ៉ាងណា ឱ្យក្មួយៗអាចអភិវឌ្ឍខ្លួនឯង អោយក្លាយជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ លោក កែន សត្ថា អភិបាលខេត្តកែប មន្ទីរពាក់ព័ន្ធ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការបំប៉នបង្ហាត់បង្រៀនបន្ថែមជូនក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ដោយឥតគិតថ្លៃ និងថ្លែងអំណរគុណផងដែរដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំក្នុងការបង្រៀន និងថ្លែងអំណរគុណផងដែរដល់ក្មួយៗសិស្សានុសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រ រហូតធ្វើឱ្យក្មួយៗ សម្រេចបានលទ្ធផលល្អប្រសើរ ប្រកបដោយមោទនភាពសម្រាប់ខេត្តកែបទាំងមូល។

ទន្ទឹមនោះ លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យអាជ្ញាធរខេត្ត ក្រុមការងារចុះជួយខេត្តកែប និងស្ថាប័នពាក់ព័ន្ធបន្តការបំប៉នបន្ថែមទៀតនៅឆ្នាំក្រោយៗ និងបន្តលើកទឹកចិត្តបន្ថែមទៀត ដល់ក្មួយៗដែលមិនបានប្រលងជាប់ក្នុងឆ្នាំនេះ ឱ្យខិតខំរៀនសូត្រ ដើម្បីចាប់យកឱកាសនៅឆ្នាំក្រោយ។

បន្ទាប់មក លោកទេសរដ្ឋមន្រ្តី ក៏បានចែកសញ្ញ្ញាបត្របណ្តោះអាសន្ន និងប្រគល់រង្វាន់ជូនដល់ក្មួយៗសិស្សានុសិស្ស ដូចខាងក្រោម៖

* សិស្សនិទ្ទេស A ចំនួន ២រូប ទទួលបាន ម៉ូតូ Zoomer X ម្នាក់មួយគ្រឿង និងថវិកាម្នាក់ ១,៥០០ដុល្លារ
* សិស្សនិទ្ទេស B ចំនួន ៧រូប ទទួលបានថវិកាក្នុងម្នាក់ៗ ១០០ដុល្លារ
* លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីនេះ ដោយលោកគ្រូអ្នកគ្រូម្នាក់ៗ ទទួលបានថវិកា ៥០,០០០រៀល និងសិស្សានុសិស្សម្នាក់ៗទទួលបានថវិកា ២០,០០០រៀល៕