(កំពង់ចាម)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរទៅតាមរម្មណីយដ្ឋាននានា ហើយខ្លះទៀតជួបជុំគ្រួសារ នៅតាមគេហដ្ឋានរៀងៗខ្លួន ខណៈពេលនេះ​កត្ដាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជាច្រើនសំខាន់បំផុត ព្រោះខា្លចក្រែងមានគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ។

ជាក់ស្ដែង​ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវពង្រឹង និងបង្កើនសកម្មភាពការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនពលរដ្ឋ ក្នុងមូលដ្ឋានរៀងៗខ្លួនឲ្យបានល្អបំផុត។

លោកមេបញ្ជាការ បានបញ្ជាក់ថា ផែនការពង្រឹងសកម្មភាពការងារនេះ ត្រូវបានធ្វើឡើងតាម ការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន អះអាងថា កម្លាំងអាវុធហត្ថទាំងអស់នៅក្នុងខេត្តកំពង់ចាម បានពង្រឹងសកម្មភាពខ្ពស់ក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានរៀងៗខ្លួន ពិសេសចេញល្បាតគ្រប់គោលដៅងាយរងគ្រោះផ្សេងៗ៕