(ភ្នំពេញ)៖ លោក រស់ ចិន្តា ដែលកំពុងមានរឿងក្ដីនៅតុលាការ ជាមួយលោក សុខ វាសនា ប្រធានក្រុមហ៊ុន សុខ វាសនា អុីមផត អិចផត ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មខ្សាច់នៅភូមិ កណ្ដោលកោង ឃុំតាំស្យា ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនោះ បានចេញមុខអះអាងថាដីកា សម្រេចរក្សាការពារ ដែលតំណាងក្រុមហ៊ុន សុខ វាសនា ថាអសុពលភាពនោះ គឺជារឿងមិនត្រឹមត្រូវ ព្រោះក្រោយដីការក្សាការពារចេញបាន៣ថ្ងៃ លោកបានធ្វើលិខិតស្នើសុំទៅប្រធានតុលាការ ដើម្បីសុំអោយអនុវត្តដីកានេះរួចហើយ និង១០ថ្ងៃក្រោយមក លោកបានសុំទៅក្រសួងរ៉ែ និងថាមពលដោយយោង តាមដីកាសម្រេចរក្សាការពារនេះ សូមអោយក្រសួងព្យួរអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ខាងលើនេះ ទើបក្រសួងសម្រេចដោយយោងតាមច្បាប់ និងការស្នើសុំ។

សូមបញ្ជាក់ថា ក្រោយក្រសួងរ៉ែ និងថាមពលចេញប្រកាសសំរេចព្យួរអាជ្ញាប័ណ្ណខ្សាច់ របស់ក្រុមហ៊ុន សុខ វាសនា រយៈពេល៦ខែកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ ដើម្បីអោយប្រធានក្រុមហ៊ុន ចូលដោះស្រាយគ្នាជាមួយលោក រស់ ចិន្តា រួចមក។ តំណាងក្រុមហ៊ុនសុខ វាសនា បានចេញមុខអះអាងថា ក្រសួងរ៉ែ និងថាមពល ចេញលិខិតព្យួរអាជ្ញាប័ណ្ណខ្សាច់របស់ខ្លួនដោយយោងទៅតាមដីកា សម្រេចរក្សាការពារ ដែលអស់សុពលភាពក្នុងការអនុវត្តទៅហើយ មិនតែប៉ុណ្ណោះ ដីកានោះក៏ត្រូវបានខាងក្រុមហ៊ុន ដាក់ពាក្យបណ្ដឹងសុំរំលាយចោលទៀតផង តែអ្នកច្បាប់មួយរូបបានលើកឡើងថា ដីការក្សាការពារអស់សុពលភាព គឺទាល់តែដីកានោះចេញហួសរយៈពេល១៥ថ្ងៃហើយ ភាគីម្ចាស់បំណុលណាមួយមិនបានដាក់លិខិតស្នើសុំអនុវត្ត ទើបដីកានោះអស់សុពលភាពក្នុងការអនុវត្ត តែបើមុន១៥ថ្ងៃ ភាគីម្ចាស់បំណុល
ដាក់លិខិតសុំអនុវត្ត តែតុលាការមិនបានអនុវត្តតាមក៏ដោយ ក៏ដីកានោះនៅមានសុពលភាពក្នុងការអនុវត្តដដែល។

ពាក់ព័ន្ធការធ្វើអាជីវកម្មខ្សាច់ឈានដល់ការប្ដឹងផ្ដល់គ្នានេះ ត្រូវបានលោករស់ ចិន្តា អះអាងថា ដើមឡើយទីតាំងបូមខ្សាច់នៅស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិកណ្ដោលកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺខាងលើនេះ ខ្លួនជាអ្នករត់ច្បាប់ធ្វើអាជីវកម្មមុន គឺតាំងពីខែមិថុនា ឆ្នាំ២០១៥មកម្ល៉េះ តែរត់ការបានត្រឹមស្រុក ខ្លួនក៏អស់លទ្ធភាព។ ក្រោយមកលោកម៉ែន សុផុន បានណែនាំអោយជួបជាមួយលោកសុខ វាសនា ក៏បានព្រមព្រៀងសហការធ្វើអាជីវកម្មរួមគ្នា តាមរយៈលិខិតលាយល័ក្ខអក្សរនៅថ្ងៃទី១១ ខែ១១ ឆ្នាំ២០១៥ ដោយភាគី សុខ វាសនា ទទួលយកឯកសារច្បាប់ ដែលរត់ការបានត្រឹមស្រុកទៅរត់ការនៅខេត្ត និងក្រសួងបន្តទៀតដោយរាល់ការចំណាយផ្សេងៗ ក្នុងការរត់ការធ្វើច្បាប់នេះ ឈ្មោះសុខ វាសនា ជាអ្នកចំណាយ។ ក្នុងនោះក្រោយទទួលបានអាជ្ញាប័ណ្ណ យកទៅធ្វើអាជីវកម្មរយៈពេល១ខែ លោក សុខ វាសនា សុខចិត្តបង់ប្រាក់ចំនួន៥០០០ដុល្លារ ជារៀងរាល់ខែទៅអោយឈ្មោះ រស់ ចិន្តា និយាយរួមគឺបង់ប្រាក់អោយឈ្មោះ រស់ ចិន្តា ជារៀងរាល់ខែនេះ គឺរហូតទាល់តែគ្រប់១៥មុឺនដុល្លារ ទើបឈប់បង់។

លោក រស់ ចិន្តា បានបន្ថែមថា ឈ្មោះ សុខ វាសនា ពេលយកច្បាប់ទៅរត់បន្ត គឺរត់ដាក់ឈ្មោះខ្លួនឯងផ្ទាល់ មិនបានរត់ដាក់ឈ្មោះ រស់ ចិន្តា បន្តនោះទេដូចដែលឯកសាររត់ពីថ្នាក់ក្រោម ជាលំដាប់លំដោយមកនោះទេ ដែលករណីនេះ លោកកំពុងដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ ហើយដែលបច្ចុប្បន្នតុលាការកំពុងដំណើរការរឿងក្ដីនៅឡើយ មិនដូចអ្វីដែលតំណាងក្រុមហ៊ុន សុខ វាសនា អះអាងថាដោះស្រាយចប់ជាមួយលោករួចរាល់នោះទេ ហើយលោកក៏ទាមទារអោយលោក សុខ វាសនា ផ្អាកអាជីកម្មខ្សាច់នេះ ជាបន្ទាន់ យោងទៅតាមដីកាសម្រេចរក្សាការពាររបស់តុលាការ និងប្រកាសរបស់ក្រសួងរ៉ែ និងថាមពលដើម្បីរក្សាផលប្រយោជន៏ ដល់ភាគីទាំងសង្ខាង គឺទុកអោយតុលាការមានចំណាត់ការតាមច្បាប់ ចប់ជាស្ថាពរសិន ដែលបច្ចុប្បន្ន ក្រុមហ៊ុនសុខ វាសនា នៅតែបន្តអាជីវកម្មរាល់ថ្ងៃដដែល។

តាមការរៀបរាប់របស់តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ដើមហេតុដែលនាំឲ្យមានជម្លោះនោះ គឺផ្តើមចេញពី​ដំបូងលោក ម៉ែន សុផុន មានទំនាក់ទំនងជាមួយលោក សុខ វាសនា ជាប្រធានក្រុមហ៊ុន ក្នុង​កិច្ចការធ្វើអាជីវកម្មខ្សាច់ ដោយលោក ម៉ែន ស៊ីផុន បានអះអាងថារូបគាត់ ​មានអាជ្ញាបណ្ណ័ស្រាប់ដែលបានរត់ការ ពីក្រោមដល់ខេត្តកំពង់ស្ពឺ និងបន្តដល់​ក្រសួងរ៉ែ និងថាម​ពលទៀត តែលោក ម៉ែន សុផុន ប្រាប់ថាគាត់គ្មាន​លុយរត់ការបន្តទៀតទេ ទើបឲ្យ​លោក សុខ វាសនា ព្រមចេញថ្លៃរត់ការ​បន្តទៀត​។ចំណែកលោកម៉ែន សុផុន ដែលត្រូវក្រុមហ៊ុនចោទថាជាអ្នកដើមចម​ នៅក្នុងរឿងនេះ ហើយក្រុមហ៊ុនក៏បានអោយលុយគាត់ជាបន្តបន្ទាប់ លើកទី១ អោយ១២០០ដុល្លារ លើកទី២ អោយ៤០០០ដុល្លារ លើកទី៣ អោយ៧០០០ដុល្លារដោយផ្ញើតាមវីងនោះ ត្រូវបានលោកអះអាងថាលោកទទួលបានតែ១២០០ដុល្លារគត់ យកទៅរត់ការ ហើយលុយផ្សេងៗទៀត មិនពាក់ព័ន្ធលុយខ្សាច់នេះទេ គឺពាក់ព័ន្ធលុយលោកសុខ វាសនា ទិញរថយន្តរបស់លោកតែប៉ុណ្ណោះ។ក្នុងនោះ សូម្បីតែលោកលោកសុខ វាសនា ទៅសុំច្បាប់បង្កើតក្រុមហ៊ុន ក៏បន្លំហត្ថលេខា និងឈ្មោះរបស់លោកយកទៅសុំច្បាប់ដែរ ដែលបច្ចុប្បន្នលោកកំពុងដាក់ពាក្យបណ្ដឹង ទៅក្រសួងមហាផ្ទៃរួចហើយ។

ខាងក្រោមនេះ ជាអត្ថបទព័ត៌មានដែលតំណាងក្រុមហ៊ុនសុខ វាសនា អុីមផត អិចផត អះអាងថា «ក្រុមហ៊ុនបូមខ្សាច់មួយនៅស្រុកភ្នំស្រួច ត្រូវមន្ដ្រីយោធាម្នាក់យកដីការក្សាការពារ ដែលអស់សុពលភាព ទៅប្ដឹងអោយក្រសួងរ៉ែ និងថាមពលព្យួរអាជ្ញាប័ណ្ឌ»៖ http://m.freshnewsasia.com/index.php/en/localnews/65764-2017-09-18-05-07-50.html