(សៀមរាប)៖ សាលាអន្តរជាតិ ភ្យូឆឺរប្រាយ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ធ្វើសន្និសីទសារព័ត៌មាន ស្ដីពីជ័យលាភីសិស្សានុសិស្ស នៃសាលាអន្តរជាតិ ភ្យូឆឺរប្រាយ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិជាប់ ១០០% ៥ឆ្នាំជាប់ៗគ្នា និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានជាប់១០០% ៣ឆ្នាំជាប់ៗគ្នា ហើយជាប់បាននិទ្ទេស A សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។

លោក សៀន សុវណ្ណា អគ្គនាយកសាលាអន្តរជាតិ ភ្យូឆឺរប្រាយ បានលើកឡើងថា ការរៀបចំសន្និសីទនេះ គឺដើម្បីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិជាប់ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មួយវិញទៀតដើម្បីលើកទឹកចិត្តដល់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាភ្យូឆឺរប្រាយ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ក្នុងការគ្រប់គ្រងអប់រំ ណែនាំ បង្ហាត់ បង្រៀន និងរៀនសូត្ររហូតទទួលបានលទ្ធផលជាប្រវត្តិសាស្ត្រនាពេលនេះ។ ហើយក្នុងនាមក្រុមប្រឹក្សាភិបាល និងក្នុងនាមលោកផ្ទាល់ ពិតជាមានកិត្តិយសដ៏ធំធេងណាស់ ជាមួយលទ្ធផលទាំងអស់នេះ។

លោក សៀន សុវណ្ណា បញ្ជាក់ថា សាលាអន្តរជាតិ ភ្យូឆឺរប្រាយ ទទួលបានលទ្ធផល នៃការសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៦-២០១៧ ជាប់១០០% ក្នុងនោះមាននិទ្ទេសល្អ និងល្អបង្គួរ សរុប៥២%។ ដោយឡែកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧ ជាប់១០០% ក្នុងនោះមាននិទ្ទេស A, B និង C សរុប៣៩% នៃលទ្ធផលសរុប។

ជាមួយគ្នានោះ គ្រឹះស្ថានសិក្សាឯកជនទាំងអស់ នៅខេត្តសៀមរាប ដែលមានសិស្សប្រឡងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧ មិនទទួលបានលទ្ធផលជាប់ ១០០% និងនិទ្ទេស A បើប្រៀបធៀបលទ្ធផលប្រឡងនិទ្ទេស A នៃគ្រឹះស្ថានរដ្ឋ និងឯកជននៅខេត្តសៀមរាប គឺសាលាអន្តរជាតិ ភ្យូឆឺរប្រាយ មានសិស្សានុសិស្សបានប្រឡង ៨៩នាក់ គឺជាប់ទាំងអស់គ្នាក្នុងនោះជាប់និទ្ទេស A ចំនួន៨នាក់៕