(ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ ដល់និស្សិតកម្ពុជាម្នាក់ដែលជួបបញ្ហាសុខភាព និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងណានជីង ដើម្បីជួយសម្រួលថ្លៃព្យាបាល និងអាហារូបម្ថត្ភ ខណៈកំពុងសិក្សានៅទីក្រុងណានជីង ខេត្តជាំងស៊ូ។

ថវិកានេះ ត្រូវបាននាំទៅប្រគល់ជូននិស្សិតដែលជួបបញ្ហាផ្ទាល់ដៃ ដោយលោក អ៊ុំ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

លោក អ៊ុំ វុទ្ធទី បានឲ្យដឹងថា ក្រៅពីថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន១ពាន់ដុល្លារខាងលើ លោក ទាន សំណាង អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដល់និស្សិតរូបនោះផងដែរ សរុបទាំងអស់១,៥០០ដុល្លារ។

លោក អ៊ុំ វុទ្ធទី បានបន្តថា នៅដើមឆ្នាំសិក្សាថ្មី ២០១៧ ក្រុមការងារសមាគមនិស្សិតកម្ពុជានៅចិន បានទៅទទួលនិស្សិតថ្មីមកសិក្សានៅចិនជិត៤០០នាក់ ដែលមកសិក្សានៅតាមបណ្តាខេត្តទូទាំងប្រទេសចិន។

និស្សិតថ្មីទាំងអស់នោះ មិនទាន់ចេះភាសាចិន និងមិនធ្លាប់មកប្រទេសចិនថែមទៀត ដូច្នេះហើយទើបក្រុមការងារសមាគមនិស្សិតដែលនៅតាមបណ្តាខេត្តផ្សេងៗ ស្ម័គ្រចិត្តជួយពួកគាត់។

សូមជម្រាបថា មកដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា និងផ្ដល់ការគាំទ្រដ៏ច្រើនដល់សមាគមនិស្សិតកម្ពុជានៅចិន។ ដោយការជួយទំនុកបម្រុងពីសំណាស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូច្នេះហើយ ទើបសមាគមដ៏សំខាន់មួយនេះ អាចដំណើរការ និងបានជួយនិស្សិតរហូតដល់ពេលនេះ។

សមាគមនិស្សិតកម្ពុជានៅចិននៅតែបន្តជំរុញ និងឧបត្ថម្ភសម្ភារកីឡា និងសិល្បៈដល់ក្រុមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនបន្តបន្ទាប់ទៀតប ដើម្បីលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរនៅក្រៅប្រទេស ជាពិសេសវិស័យកីឡាដល់និស្សិត ដើម្បីថែរក្សាសុខភាព៕