(ហ្វីលីពីន)៖ សមេ្តចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចពេញអង្គ លើកទី២ របស់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាមួយថ្នាក់ដឹកនាំ និងគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន និងបណ្តាលប្រទេសអ្នកសង្កេតការណ៍។

លោក Pantaleon D.Alvarez ប្រធានសភាប្រទេសហ្វីពីន និងជាប្រធានអាយប៉ាលើកទី៣៨ បានដឹកនាំកិច្ចប្រជុំនេះដើម្បីពិភាក្សានិងអនុម័តលើ របាយការណ៍របស់គណៈកម្មាធិការនានា របស់អាយប៉ា ដែលបានប្រជុំពិភាក្សាគ្នាប៉ុន្មានថ្ងៃមកនេះ។

កិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតរបស់អាយប៉ា បានសម្រេចអនុម័តលើបាយការណ៍កិច្ចប្រជុំគណៈកម្មាធិការស្រ្តី(WAIPA) គណៈកម្មាធិការសង្គមកិច្ច គណៈកម្មការរៀបចំ ដែលគណៈកម្មាធិការជំនាញរបស់អាយប៉ា ទំាងនេះ បានផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២៣។

ជាមួយគ្នានេះ កិច្ចប្រជុំក៍បានសម្រេចលើរបាយការណ៍របស់ គណៈកម្មាធិការថ្លែងការណ៍រួមអាយប៉ា និងរបាយការណ៍ជំនួបសន្ទនារបស់អាយប៉ា ជាមួយបណ្តាលប្រទេសសង្កេតការណ៍ ផងដែរ។ បន្ទាប់ពីបានអនុម័តលើរបាយការណ៍ទំាងនោះហើយ ថ្នាក់ដឹកនាំគណៈប្រតិភូ សភាសមាជិកអាយប៉ាទំាង១០ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីតំណាងសភាកម្ពុជាផង បានចុះហត្ថលេខាលើកំណត់ហេតុលទ្ធផល នៃមហាសន្និបាតលើកទី៣៨នេះ។

សូមជម្រាបថាសភាប្រទេសហ្វីលីពីន បានទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៣៨ ពីថ្ងៃទី១៤ដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៧ ក្រោមប្រធានបទ “អាយប៉ា និងអាស៊ាន គឺជាដៃគូដើម្បីការផ្លាស់ប្តូរប្រកបដោយបរិយាប័ន្ន“ ពិធីបិទមហាសន្និបាតលើកទី៣៨ នឹងប្រារព្ធធ្វើនៅរសៀលថ្ងៃទី១៩ កញ្ញនេះ។ នៅក្នុងមហាសន្និបាតលើកទី៣៨ នេះ អាយប៉ា ក៍ធ្វើការផ្លាស់ប្តូរ ស្លាកសញ្ញារបស់ខ្លួនផង។ ស្លាកសញ្ញាថ្មីរបស់អាយប៉ា និងផ្តើមប្រើប្រាស់ចាប់ពីមហាស្និបាតលើកទី៣៩ ដែលប្រទេសសឹង្ហបុរី ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០១៨ទៅ៕