(ព្រះសីហនុ)៖ កម្លាំងការិយាល័យអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលព្រះសីហនុ បានឃាត់ខ្លួនជនជាតិរុស្ស៊ីម្នាក់ ដែលស្នាក់នៅលើសទិដ្ឋាការកំណត់ និងបានធ្វើសកម្មភាពលួចបារី នៅផ្សារទំនើប «សាម៉ូដឺរ៉ា» នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងក្រុមទី១០ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជនជាតិរុស្ស៊ីដែលកម្លាំងជំនាញរបស់លោកឃាត់ខ្លួននេះ ឈ្មោះ​ MUSAEV KAMAL អាយុ​២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 64N-9711941 ផុតសុពលភាពថ្ងៃទី២១ មិថុនា ២០១៩ និងទិដ្ឋាការលេខ EI00452730 ហួសសុពលភាព ៣១២ថ្ងៃ។

បើតាមលោកស្នងការ ក្រៅពីការស្នាក់នៅកម្ពុជាលើសទិដ្ឋាការកំណត់នេះ ជនជាតិរុស្ស៊ីរូបនេះ បានធ្វើសកម្មភាពលួចបារី នៅក្នុងផ្សារទំនើប «សាម៉ូដឺរ៉ា» ផងដែរ។​

​បច្ចុប្បន្នការិយាល័យជំនាញបានរៀបចំឯកសារ និងកំពុងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី​បន្តតាមនីតិវិធី៕