(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្មេងកំព្រា នៅមណ្ឌលផ្ទះកុមារថាឡាបរិវ៉ាត់ ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងឱកាលនោះ លោកអភិបាលខេត្ត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខក្មេងកំព្រា ជាពិសេសការសិក្សារៀនសូត្រ និងសុខភាព។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលយកទៅចែកជូនកុមារកំព្រានាឱកាសនោះរួមមាន៖ អង្ករ ៦០០គីឡូក្រាម, ប៊ិច ៥០ដើម, សៀវភៅសរសេរ ៥០ក្បាល, បន្ទាត់ ៣០ដើម, ជ័លុប ០១ប្រអប់, មី ០៥កេស, ត្រីខ ០៥យួរ, ថវិកាសម្រាប់ក្មេងកំព្រាកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញចំនួន២០នាក់ ក្នុងម្នាក់ៗ ២០០.០០០រៀល, ថវិកាសម្រាប់ក្មេងកំព្រានៅក្នុងមណ្ឌលចំនួន២៦នាក់ ក្នុងម្នាក់ៗ ៥០.០០០រៀល និងថវិកាឧបត្ថម្ភជីវភាពចំនួន ១.០០០.០០០រៀល៕