(ភ្នំពេញ)៖ ថ្ងៃនេះបានទៅហូបបាយនៅអាហារដ្ឋានមួយកន្លែងក្បែរកន្លែងធ្វើការ ហើយក៏ត្រូវបានថៅកែអាហារដ្ឋានមកស្វាគមន៍យ៉ាងរួសរាយ។ ក្រៅពីការស្វាគមន៍ថៅកែស្រី ដែលមានវ័យជាង ៤០ឆ្នាំ ក៏បានឆ្លៀតមកផ្សព្វផ្សាយផងដែរថា អាហារដ្ឋានរបស់គាត់ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃចុងក្រោយ គឺនៅបើកដំណើរការជាធម្មតាមិនបិទនោះទេ។

មិនត្រឹមតែមិនគិតថាខ្លួនបានរំលោភលើច្បាប់ការងារ និងសិទ្ធិរបស់អ្នកបម្រើក្នុងអាហារដ្ឋាននោះទេ លោកស្រីថៅកែអាហារដ្ឋាន ថែមទាំងអួតថា អ្នកបម្រើការនៅក្នុងអាហារដ្ឋានរបស់គាត់អត់ហ៊ានឈប់ទេ តែហ៊ានឈប់ គឺគាត់ទៅជេរដល់ផ្ទះ។

ប្រាកដណាស់ថាអ្នកប្រកបរបរអាជីវកម្ម បើទោះបីមិនទាំងអស់ តែក៏ភាគច្រើនដែរ គឺធុញទ្រាន់បំផុតសម្រាប់ថ្ងៃឈប់សម្រាក បុណ្យទាននានា ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ព្រោះការឈប់សម្រាក បានធ្វើឲ្យអាជីវកម្មរបស់គាត់ត្រូវផ្អាកដំណើរការ ហើយក៏ត្រូវបាត់ចំណូលមិនតិចនោះដែរ។

ប៉ុន្តែថៅកែ ឬ ម្ចាស់អាជីវកម្មទាំងអស់ ក៏មិនគួរអាត្មានិយមពេកនោះដែរ ដើម្បីតែផលចំណេញ និងភាពមានបានរបស់ខ្លួន ហ៊ានបំផ្លាញក្តីសុខរបស់អ្នកដទៃ។ បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យចូលឆ្នាំ ជាពេលវេលាដ៏វេសេសវិសាលបំផុតសម្រាប់ក្រុមគ្រួសារខ្មែរ ព្រោះជាពេលដែលពួកគេបានជួបជុំសាច់សារលោហិត ជាពិសេសរវាងឪពុកម្តាយ និងកូនៗ។

ការត្រូវឃ្លាតចាកឆ្ងាយពីផ្ទះសម្បែង ឃ្លាតឆ្ងាយពីអ្នកមានគុណ ដើម្បីការសិក្សា ស្វែងរកការងារ ស្វែងរកថវិកា វាជារឿងដ៏លំបាកមួយ ហើយក៏មិនមែនជារឿងធម្មតានោះឡើយក្នុងសង្គមគ្រួសារខ្មែរ ដែលជាអ្នកមានវប្បធម៌ពោរពេញដោយមនោសញ្ចេតនា និងក្តីស្រឡាញ់នោះ។ ដូច្នេះក្នុងរដូវបុណ្យភ្ជុំ ក៏ដូចជាបុណ្យចូលឆ្នាំ ជាពេលវេលាដែលអនុញ្ញាតឲ្យពួកគេបានវិលត្រឡប់ទៅទីកន្លែងកំណើតជួបជុំក្រុមគ្រួសារ និងឪពុកម្តាយ ដែលធ្លាប់ចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ភាពកក់ក្តៅសម្រាប់ពួកគេ។

មិនថាតែមន្រ្តីរាជការ សិស្សនិស្សិត បុគ្គលិក កម្មករ និយោជិត ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតជិតដល់ថ្ងៃភ្ជុំបិណ្ឌ គឺពួកគេទន្ទឹងតែដល់ថ្ងៃឈប់សម្រាកតែប៉ុណ្ណោះ ដើម្បីបានទៅកាន់ស្រុកកំណើត និងជួបមនុស្សដែលពួកគេស្រឡាញ់។

សម្រាប់បុគ្គលិកក្នុងអាហារដ្ឋានខាងលើ បើទោះបីពួកគេមិនហ៊ានប្រកែកតវ៉ាដោយសារខ្លាចឥទ្ធិពលថៅកែ និងខ្លាចបាត់បង់ការងារផងនោះ តែក្នុងចិត្តរបស់ពួកគេ ក៏មិនខុសពីអ្នកដទៃនោះដែរ គឺពួកគេសុទ្ធតែជ្រួលច្របល់ក្នុងចិត្តចង់ទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ និងអ្នកមានគុណរបស់ពួកគេ។

សេចក្តីសុខកើតចេញពីការជួបជុំ គឺមានទំហំធំធេងមិនអាចមានអ្វីមកកាត់ថ្លៃបាននោះឡើយ។ សម្រាប់ម្ចាស់អាហារដ្ឋាន ថៅកែក្រុមហ៊ុន អ្នកជំនួញធំៗ ប្រហែលលុយជាវត្ថុដ៏សំខាន់សម្រាប់ពួកគេ តែសម្រាប់បុគ្គលិកទូទៅលុយ ប្រហែលមិនអាចផ្ទឹមជាមួយក្តីសុខនៃការបានទៅជួបជុំលោកឪពុក អ្នកម្តាយ និងក្រុមគ្រួសាររបស់ពួកគេនោះឡើយ។

ដូច្នេះម្ចាស់អាហារដ្ឋានដែលសុំមិនបញ្ចេញឈ្មោះខាងលើ ក៏ដូចជាថៅកែក្រុមហ៊ុនទាំងអស់ ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា ក៏បានបើកចិត្តទូលាយផ្តល់ក្តីស្រឡាញ់ដល់បុគ្គលិករបស់ខ្លួនទាំងអស់ បានឈប់សម្រាកទៅច្បាប់មានចែងក្នុងច្បាប់ការងាររបស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលបុណ្យទាន ជាពិសេសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ។ មិនគួរតែដើម្បីផលចំណេញរបស់ខ្លួនរយៈពេលប៉ុន្មានថ្ងៃនេះ សម្រេចចិត្តបំផ្លាញ់សេចក្តីសុខ និងការបំផ្លាញការជួបជុំរបស់បុគ្គលិកពីក្រុមគ្រួសារ អាណាព្យាបាលជាទីស្រឡាញ់របស់ពួកគេនោះទេ៕