(សៀមរាប)៖ តបតាមការអំពាវនាវ សាកលវិទ្យាល័យអង្គរសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រកាសផ្ដល់អាហារូបករណ៍១០០ភាគរយ រយៈពេល៤ឆ្នាំ ដល់យុវតីម្នាក់ដែលប្រឡងជាប់បាក់ឌុប បាននិទ្ទេស A ហើយមានម្ដាយជាស្ដ្រីមេម៉ាយពិការភ្នែកទាំងសងខាង នៅស្រុកពួក ខេត្តសៀមរាប។

ការប្រកាសនេះ ធ្វើឡើងដោយមានការគាំទ្រពី ​លោក សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាសកលវិទ្យាល័យអង្គរ​ លោក សុខ តុញ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងលោក ជ័យ សុខវិទ្យា សកលវិទ្យាធិការ ដែលបាន​​ប្រកាសផ្តល់​អាហារូបករណ៍​១០០ភាគរយ គ្រប់មុខវិជ្ជា​ រយៈពេល០៤ឆ្នាំ ​ដើម្បីឲ្យយុវតីរូបនេះបានបន្តការសិក្សា និងចូលរួម​ចំណែក​សម្រេច​ក្តីប្រាថ្នាររបស់​អ្នកម្តាយ យុវតីម្នាក់នេះផងដែរ។​

សាកលវិទ្យាល័យអង្គរសៀមរាប បានបញ្ជាក់ថា សូមយុវតី​ ឌឿ ពិសី ទាក់ទងទៅលោក សុខ តុញ តាមរយៈលេខទូរស័ព្ទ 017 23 23 23 និងលោក ជ័យ សុខវិទ្យា សាកលវិទ្យាធិការ សាកលវិទ្យាល័យអង្គរ តាមរយៈលេខទូរស័ព្ទ 01​2 823 088 ដើម្បីទំនាក់នងចុះឈ្មោះសិក្សា។

សូមជម្រាបថា សិស្សានុសិស្សទើបប្រឡង ជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន៤៧នាក់ ក្នុងខេត្តសៀមរាប ដែលក្នុង នោះមានបេក្ខនារីម្នាក់ ឈ្មោះ ឌឿ ពិសី អាយុ​១៨ឆ្នាំ ដែលម្ដាយជាស្ដ្រីមេម៉ាយពិការភ្នែកទាំងសងខាង ឈ្មោះ ឌឿ សុផល មានកូន​២នាក់នៅក្នុងបន្ទុក បានធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីនេះ កោតសរសើរចំពោះវិរៈភាពរបស់​អ្នកម្តាយ ដែលខិតខំតស៊ូចិញ្ចឹមកូនរហូតដល់ ធំពេញវ័យបានរៀនសូត្រ ហើយប្រឡងជាប់បាន​និទ្ទេសA ថែមទៀតផង​។

យុវតី ឌឿ ពិសី ដែលជាសិស្សរៀននៅថ្នាក់ទី១២ B នៃវិទ្យាល័យពួក ស្រុកពួក​ បានលើកឡើថា ទោះបីម្តាយរបស់ខ្លួនពិការភ្នែកក៏ពិតមែន តែគាត់ តែងតែជម្រុញដល់​ក្មួយ ឲ្យបានសិក្សារៀនសូត្រ ចាប់តាំងពីថ្នាក់បឋម រហូតដល់វិទ្យាល័យ ដោយអ្នកម្តាយពិការភ្នែកនេះមិនដែល ​មានការត្អូញថ្អែ​ម្តងណាឡើយ គឺគាត់ធ្វើយ៉ាងណាឲ្យកូនៗ មានចំណេះដឹងខ្ពង់ខ្ពស់ មានអនាគតល្អក្នុងសង្គម។

យុវសិស្សនេះបន្ដថា ដោយកត្តាទាំងនេះហើយ​ ដែលបានជម្រុញឲ្យខ្លួន ត្រូវខិតខំសិក្សារៀនសូត្រទាំងនៅសាលា និងនៅផ្ទះដោយមិនទុក ពេលវេលា ឲ្យឥតប្រយោជន៍ឡើយ៕