(ភ្នំពេញ)៖ ដោយមានការណែនាំពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះយុទ្ធនាការត្រួតពិនិត្យជាតិស្រវឹង ក្នុងភូមិសាស្រ្តរាជធានីរយៈពេល១៧ថ្ងៃ រកឃើញអ្នកបើកបរស្រវឹង ១,១១៤នាក់ ក្នុងចំណោមអ្នកបើកបរ៣,០៣៣នាក់ ដែលបានត្រួតពិនិត្យ ក្នុងនោះអ្នកបើកបរម៉ូតូស្រវឹង៤៩នាក់។

ជាមួយនេះ ចំពោះអ្នកបើកបរយានយន្ត ដូចជាទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងរថយន្តដែលកំពុងធ្វើចរាចរណ៍ តាមដងផ្លូវហើយមិនមានបណ្ណសម្គាល់ (កាតគ្រី) ឬគ្មានផ្លាកលេខ គឺល្មើសនិងមាត្រា១២ នៃអនុក្រឹត្យលេខ៤៤ ស្តីពីការពិន័យអន្តរការណ៍ ចំពោះល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវពិន័យជាប្រាក់៤០ម៉ឺនរៀលចំពោះយានយន្តធុនស្រាល និង៨០ម៉ឺនរៀលចំពោះយានយន្តធុនធ្ងន់។

លោកឧត្តមសេនីយ៍ សូមឲ្យនគរបាលចរាចរណ៍គ្រប់រាជធានី ខេត្តរឹតបន្តឹងច្បាប់ឲ្យបានខ្លាំងក្លា និងជាប់ជាប្រចាំ ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងយានយន្តដែលគ្មានបណ្ណសម្គាល់ (កាតគ្រី) និងផ្លាកលេខ។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ លោកឧត្តមសេនីយ៍ សូមអំពាវនាវដល់អ្នកបើកបរទាំងអស់ មិនត្រូវទទួលទានជាតិស្រវឹង ហើយបើកបរឡើយ ព្រោះអាចនាំអោយមានហានិភ័យខ្ពស់ កើតមានគ្រោះថ្នាក់ចរាចរណ៍ និងសូមអំពាវនាវដល់ម្ចាស់ ក្រុមហ៊ុននាំចូលត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង/ឬដាក់លក់ក្នុងឃ្លាំង ព្រមទាំងម្ចាស់យាន្តយន្ត ដែលមិនទាន់ផ្លាកលេខ ត្រូវរួសរាន់ទៅចុះបញ្ជីសុំបណ្ណសម្គាល់ និងផ្លាកលេខបំពាក់ លើយានយន្តរបស់ខ្លួន ដើម្បីកុំឲ្យប្រឈមនឹងផ្លូវច្បាប់៕