(ភ្នំពេញ)៖ ក្រុមស្រាវជ្រាវនៃនាយកបេតិកភណ្ឌក្រសួងបរិស្ថាន បានរកឃើញហ្វូស៊ីល ខ្យង គ្រំ និងងាវសមុទ្រ នៅក្នុងដែនជម្រកសត្វ ព្រៃគូលែន ព្រហ្មទេព ក្នុងខេត្តព្រះវិហារ ដែលអាចមានអាយុរាប់លានឆ្នាំ។ នេះបើយោងតាមការចេញផ្សាយនៅលើទំព័រ Facebook របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយ នៃក្រសួងបរិស្ថាន បានលើកឡើងថា «តាមរយៈនៃការរកឃើញនេះ ក្រុមបច្ចេកទេសអាចសន្និដ្ឋានថា ប្រទេសកម្ពុជាអាចធ្លាប់ជាបាតសមុទ្រ»

ដោយសារតែកង្វះអ្នកជំនាញហ្វូស៊ីលនេះ នៅមិនអាចវាស់អាយុកាលពិតប្រាកដនៅឡើយទេ ប៉ុន្តែលោកអាចសន្និដ្ឋានបានថា ហ្វូស៊ីលនេះ មានអាយុមិនតិចជាងរាប់លានឆ្នាំនោះទេ។ ដុំហ្វូសីលទាំងនោះ មានរាងជាដុំថ្ម ដែលមានផ្តុំទៅដោយងាវសមុទ្រ ងាវ ឬក៏គ្រំ ដែលត្រូវបានរកឃើញនៅលើទួលមួយក្នុងកន្លែង ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព។

លោក លឹម វណ្ណច័ន្ទ បានរំពឹងថា ប្រសិនទីតាំងនេះ តំបន់ដែលរកឃើញហ្វូស៊ីល ត្រូវបានសិក្សាធ្វើកំណាយនោះ វានឹងនាំទៅដល់ ការស្វែងយល់ពីការចំណាស់ នៃទឹកដីរបស់កម្ពុជា ហើយអាចស្វែងយល់ពីប្រភេទសត្វ ដែលមានប្រវត្តិក្នុងប្រទេសកម្ពុជា។ លោកសង្កត់ធ្ងន់ថា ហ្វូស៊ីលទាំងនេះ គឺនឹងអាចក្លាយជារបស់បេតិកភណ្ឌ សម្រាប់ការសិកស្រាវជ្រាវយ៉ាងសំខាន់បំផុតមួយ៕