(សៀមរាប)៖ សិស្សានុសិស្សទើបប្រឡង ជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន៤៧នាក់ ក្នុងខេត្តសៀមរាប ដែលក្នុង នោះមានបេក្ខនារីម្នាក់ ឈ្មោះ ឌឿ ពិសី អាយុ​១៨ឆ្នាំ ដែលម្ដាយជាស្ដ្រីមេម៉ាយពិការភ្នែកទាំងសងខាង ឈ្មោះ ឌឿ សុផល មានកូន​២នាក់នៅក្នុងបន្ទុក បានធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីនេះ កោតសរសើរចំពោះវិរៈភាពរបស់​អ្នកម្តាយ ដែលខិតខំតស៊ូចិញ្ចឹមកូនរហូតដល់ ធំពេញវ័យបានរៀនសូត្រ ហើយប្រឡងជាប់បាន​និទ្ទេសA ថែមទៀតផង​។

ពិធីប្រគល់រង្វាន់​ និងប័ណ្ណសរសើរនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួង ការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយខេត្តសៀមរាប។

ស្ដ្រី ឌឿ សុផល បានឲ្យដឹងថា គាត់ពិការភ្នែកទាំងពីរ មានកូនចំនួន២នាក់នៅក្នុងបន្ទុក មានមុខរបលក់ដូរបន្តិចបន្តួចនៅផ្ទះដើមី្បផ្គត់ផ្គង់ ជីវភាពក្នុងក្រុមគ្រួសារ ទោះបី​ពិការភ្នែកគ្មានឪកាសឃើញមុខកូនទាំង២ក៏ដោយ តែគាត់ខិតខំ​ណែនាំកូនៗ ឲ្យបានសិក្សារៀនសូត្រ មានចំណេះដឹង ក្នុងការកសាងអនាគតរបស់ពួកគេ និងចង់លឺ អ្នកជុំវិញខ្លួន​និយាយអ្វីដែលចំណុចល្អៗ របស់កូនគាត់ទាំង​២ក៏គាត់ សប្បាយចិត្តដែរ។

​ម៉្យាងវិញទៀតដោយសារ ខ្លួនជាជនពិការភ្នែក គាត់ចង់ឲ្យកូនៗទទួលបានការអប់រំ​ សិក្សារៀន​សូត្រ ពីព្រោះថា​ចំណេះវិជ្ជានេះ ហើយ​ដែលជាស្ពានចម្លងឲ្យ​រួចផុតពីភាពក្រីក្រ ភាពល្ងង់ខ្លៅ តែអ្វីដែលកូនស្រី​របស់គាត់បានតបស្នងមកគាត់វិញ នោះគឺ​កូនគាត់បានបង ឡងជាប់ ហើយទទួលបាននិទ្ទេស A ដែលធ្វើឲ្យគាត់ មានមោទនភាពចំពោះកូនរបស់គាត់​ខ្លាំងបន្ថែមទៀត។

យុវតី ឌឿ ពិសី ដែលជាសិស្សរៀននៅថ្នាក់ទី១២ B នៃវិទ្យាល័យពួក ស្រុកពួក​ បានលើកឡើថា ទោះបីម្តាយរបស់ខ្លួនពិការភ្នែកក៏ពិតមែន តែគាត់ តែងតែជម្រុញដល់​ក្មួយ ឲ្យបានសិក្សារៀនសូត្រ ចាប់តាំងពីថ្នាក់បឋម រហូតដល់វិទ្យាល័យ ដោយអ្នកម្តាយពិការភ្នែកនេះមិនដែល ​មានការត្អូញថ្អែ​ម្តងណាឡើយ គឺគាត់ធ្វើយ៉ាងណាឲ្យកូនៗ មានចំណេះដឹងខ្ពង់ខ្ពស់ មានអនាគតល្អក្នុងសង្គម។

យុវសិស្សនេះបន្ដថា ដោយកត្តាទាំងនេះហើយ​ ដែលបានជម្រុញឲ្យខ្លួន ត្រូវខិតខំសិក្សារៀនសូត្រទាំងនៅសាលា និងនៅផ្ទះដោយមិនទុក ពេលវេលា ឲ្យឥតប្រយោជន៍ឡើយ។
 
ដោយឃើញពីការតស៊ូរបស់ ស្ដ្រី ឌឿ សុផល ជាស្ត្រីពិការភ្នែកទាំងពីរ មានកូនចំនួន២នាក់ក្នុងបន្ទុក តែខិតខំតស៊ូចិញ្ចឹមកូនបានរៀនសូត្រ រហូតប្រឡងជាប់និទ្ទេស A សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការកោតសរសើរ និងជូន​ជាថវិកា​ចំនួន៥០ម៉ឺនរៀល បន្ថែមទៀតជូន ដល់អ្នកម្តាយ របស់ក្មួយស្រី ឌឿ ពិសី ផងដែរ។

យុវតី ឌឿ ពិសី បានធ្វើការថ្លែងអំណគុណចំពោះ អ្នកម្តាយជាទីគោរពស្រលាញ់ អ៊ុពូមីង ​លោកគ្រូអ្នកគ្រូទាំងអស់ អាជ្ញាធរភូមិឃុំ ជាពិសេសថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ដែលបានជួយផ្តល់ឱកាសឲ្យក្មួយស្រី បានសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលល្អ និង​​អំពាវនាវដល់បណ្តាសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាបទាំងអស់ ដែលមានចិត្តសប្បុរស​សូមមេត្តាជួយផ្តល់អាហារូបករណ៍ ដល់ក្មួយស្រី បានបន្តការសិក្សាបន្ថែមទៀត ដើម្បីសម្រេច​ក្តីប្រាថ្នា​របស់អ្នកម្តាយរបស់​ក្មួយស្រីឲ្យបានផងដែរ៕