(ភ្នំពេញ)៖ សារជាតិជាអ្នកក្បត់ជាតិមិនអាចកែប្រែខ្លួនមកជាអ្នកសេ្នហាជាតិវិញឡើយ ទោះបីជាបានដឹងថា ជីវិតនយោបាយរបស់ខ្លួនបានឈានដល់ទីបញ្ចប់យ៉ាងណាក្តី។ អ្នកជាប់សែស្រឡាយក្បត់ជាតិទាំងនោះ ពិតជារីករាយនៅពេលបានឃើញកេរ្តិ៍ឈ្មោះប្រទេស

ខ្លួនត្រូវបានបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនត្រូវបានបាត់បង់ដោយសារ តែនយោបាយទុច្ចរិតរបស់ខ្លួន។ នៅប៉ុន្មានថ្ងៃមកនេះ ទាំងអតីតមេបក្សប្រឆាំងរួម នឹងមន្ត្រីជាន់ខ្ពស់បក្សនេះមួយចំនួនបានខិតខំបំពងសំឡេង លើកិច្ចប្រជុំពិភាក្សារបស់សភាអឺរ៉ុប លើស្ថានភាពនយោបាយនៅប្រទេសកម្ពុជា។

កម្ពុជាដែលត្រូវបានចោទដោយបក្សប្រឆាំងថា ដឹកនាំប្រទេសបែបផ្តាច់ការគំរាមកំហែង និងគ្មានសិទ្ធិសេរីភាព ហើយសភាអឺរ៉ុបតាមរយៈតំណាងរាស្ត្រខ្លួនមួយចំនួន ដែលមាននិន្នាការប្រឆាំងបានប្រថាប់ត្រាលើ ការចោទប្រកាន់បែបមួលបង្កាច់ បំភ្លៃ បំផ្លើស និងបំប៉ោងព័ត៌មាននេះ។ តើសភាអឺរ៉ុបពិតជាធ្វើការងារដើម្បីផលប្រយោជន៍ រួមពិតប្រាកដ ឬគ្រាន់តែដើម្បីបំប៉ងសំឡេងតាម អ្វីដែលជាការគូសវាសឱ្យដើររបស់គណបក្សសង្គ្រោះជាតិ?

ទី១៖ អ្វីដែលតំណាងរាស្ត្រសភាអឺរ៉ុបមួយចំនួនផ្តួចផ្តើមឱ្យមានកិច្ចការពិភាក្សានេះ គឺធ្វើឡើងតាមសំណើរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ ជូឡុង សូមួរ៉ា ដោយមានទណ្ឌិត សម រង្ស៊ី ជួយ។ នេះមិនទាន់គិតដល់ច្បាប់ស្តីពីគណបក្សនយោបាយដែលហាមឃាត់មិនឱ្យអ្នកទោសដូច សម រង្ស៊ី នេះពាក់ព័ន្ធនឹងគណបក្ស នយោបាយ ហើយគណបក្សនយោបាយមិនត្រូវពាក់ព័ន្ធទាញផលប្រយោជន៍ពីទណ្ឌិតផង។ សកម្មភាពរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅពេលនេះគឺ ពិតជាខុសច្បាប់រួចស្រេចទៅហើយ។ ចំណែកសេចក្តីព្រាងទាំងឡាយត្រូវបានរៀបចំព្រាងដោយមន្ត្រីបក្សសង្គ្រោះជាតិផ្ទាល់ ហើយពួកគេប្រើទម្លាប់ជា ប្រពៃណីរបស់ខ្លួនដើម្បីវាយប្រហារ រិះគន់លើរាជរដ្ឋាភិបាលកម្ពុជាដើម្បីតែម្យ៉ាងគឺកេងចំណេញនយោបាយសម្រាប់បក្ខពួកខ្លួន។ ដូច្នេះពួកគេព្យាយាមបញ្ចូលខ្លឹមសារ ណាដែលធ្វើឱ្យមានភាព អវិជ្ជមានខ្លាំងដើម្បីសម្រេចគោលបំណងខ្លួនក្នុងការបំផ្លាញមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិតាមគ្រប់រូបភាព។

ទី២៖ តំណាងរាស្ត្រសភាអឺរ៉ុបដែលសមគំនិតជាមួយមន្ត្រីបក្សសង្គ្រោះជាតិទំនង មិនដែលមកប្រទេសកម្ពុជាផង ហើយអ្វីៗស្តាប់តែរបាយការណ៍របស់បក្សប្រឆាំងនិង អង្គការសង្គមស៊ីវិលមួយចំនួនដែលទទួលថវិកាពីខ្លួន។ ពួកគេទាំងនោះនឹងមិនសរសេររបាយការណ៍ល្អអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ ព្រោះប្រសិនបើ សរសើរថាស្ថានភាពសេរីភាព សិទ្ធិមនុស្សកម្ពុជាល្អប្រសើរ ពួកគេនឹងបាត់បង់ការគាំទ្រ ជំនួយហិរញ្ញវត្ថុ និងបាត់បង់ការងារ និងប្រាក់ខែដ៏ច្រើន របស់ពួកគេ។ ហេតុដូច្នេះហើយបានជាពួកគេព្យាយាមបង្កើតរូបភាពខុសពីការពិតអំពីកម្ពុជាដើម្បីចិញ្ចឹមទំនាស់ និងធានានិរន្តរភាពមូលនិធិសម្រាប់សកម្មភាពអង្គការ និងបក្សខ្លួន។ ប្រសិនបើតំណាងរាស្ត្រសភាអឺរ៉ុបដែលឃុបឃិតជាមួយបក្សសង្គ្រោះជាតិពិតជាចង់ឱ្យកម្ពុជាល្អដូចអ្វីដែល ខ្លួនបានសរសេរមែននោះ ហេតុអ្វីបានជាតំណាងរាស្ត្រទាំងនោះមិនព្រមស្តាប់ការពន្យល់ ឬស្នើសុំការពន្យល់ពីរាជរដ្ឋាភិបាលកម្ពុជាថាហេតុអ្វីត្រូវចាប់ខ្លួនជនក្បត់ជាតិ កឹម សុខា ដាក់មន្ទីរឃុំឃាំង? ហេតុអ្វី សម រង្ស៊ី ត្រូវបានតុលាការកាត់ទោស? តើសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសតំណាងរាស្ត្រមួយចំនួនដែលគាំទ្របក្សសង្គ្រោះ ជាតិសុទ្ធតែនៅលើច្បាប់ទាំងអស់ឬយ៉ាងណា? ហើយតើប្រទេសទាំងនោះនឹងអត់ឱនឱ្យជនទាំងឡាយដែលមានផែនការក្បត់ជាតិខ្លួនឬ?

ទី៣៖ សកម្មភាពនិងសារមួយដែលតំណាងរាស្ត្រសភាអឺរ៉ុបមួយចំនួនបានធ្វើនិង បញ្ចេញគឺគ្រាន់តែជាអ្នកនាំពាក្យរបស់គណបក្សប្រឆាំងប៉ុណ្ណោះ។ ពួកគេមិនបានធ្វើ តុល្យភាពព័ត៌មាន (Check and Balance) មុននឹងធ្វើការវាយតម្លៃថា តើអ្វីដែលបក្សសង្គ្រោះជាតិខិតខំបំភ្លៃ បំផ្លើស បំប៉ោងសភាពការណ៍ពិតនៅកម្ពុជានេះ មានអ្វីនៅពីក្រោយ? តើវិធានការដែលរដ្ឋាភិបាលធ្វើមានភស្តុតាង និងមូលហេតុច្បាល់លាស់ឬទេ? អ្វីដែលតំណាងរាស្ត្រសភាពអឺរ៉ុបមួយចំនួនលើកឡើង មេបក្សប្រឆាំង ឬមន្ត្រីបក្សប្រឆាំងគឺជាជនដែលមិនអាចប៉ះពាល់ ឬបំពានបាន ត្រូវទុកជាព្រះនៅលើហឹងដើម្បី គោរពបូជា ទោះជាមេបក្សប្រឆាំងនោះមានគំនិត និងផែនការទុច្ចរិតបំផ្លាញ ប្រទេសជាតិផលប្រយោជន៍ប្រជាជនក៏ដោយ។ បើដូច្នេះគួរតែតំណាងរាស្ត្រទាំងនោះយកនូវ ទស្សនៈទាំងនេះទៅអនុវត្តក្នុងប្រទេសរបស់ខ្លួនទៅចុះ។

ទី៤៖ កម្ពុជាគឺជារដ្ឋឯករាជ្យ និងអធិបតេយ្យ និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ដើម្បីការពារប្រទេសខ្លួនពីការបំផ្លាញរបស់ជនក្បត់ជាតិ និងក៏មានសិទ្ធិក្នុងការ
ប្រឆាំងនូវរាល់ការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានទេ និងតម្រូវឱ្យអង្គការ ឬប្រព័ន្ធផ្សព្វផ្សាយគោរពច្បាប់របស់កម្ពុជា។ ពួកគេមិនអាចធ្វើអ្វី ស្រេចតែអំពើចិត្តរបស់ខ្លួន យកកម្ពុជាមកធ្វើជារឿងលេងសើច និងបង្វែរតាមចិត្តខ្លួន ចង់បានឡើយ។ ស្ថានភាពពិតនៅកម្ពុជាខុសពីអ្វីនៅលើបបូរមាត់របស់គណបក្ស
ប្រឆាំង និងក៏កាន់តែខុសពីអ្វីដែលនៅលើក្រដាស់របស់តំណាងរាស្ត្រមួយចំនួនរបស់សភាអឺរ៉ុប។ កម្ពុជាពិត គឺបានដើរលើគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្សបានយ៉ាងល្អ។ កម្ពុជាពិតខុសពីអ្វីដែលមាននៅលើទំព័រសារព័ត៌មានបរទេស។ ហេតុដូច្នេះ តំណាងរាស្ត្រសភាអឺរ៉ុបមួយចំនួនគួរយកវិជ្ជាជីវៈមកដាក់ខ្លួន និងព្យាយាមស្វែងយល់ពីរឿងរ៉ាវពិតនៅកម្ពុជាដើម្បីចៀសវាងការសម្រេចចិត្តខុស និងដើរតួនាទីជំនួសបក្សប្រឆាំងនៅកម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក