(កំពង់ស្ពឺ)៖ ប្រភេទឈើប្រណិតៗជិត២០គូប ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ មានអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តកំពង់ស្ពឺ អាវុធហត្ថស្រុកឱរ៉ាល់ និងអាវុធហត្ថស្រុកភ្នំស្រួច សហការគ្នាចេញបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ រួមជាមួយវត្ថុតាងមួយចំនួនទៀត ក្រោយការបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះប្រមូលឈើ៤២ដុំ ដែលជនសង្ស័យយកទៅលាក់ក្នុងព្រៃមួយកន្លែង នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ និងប្រគល់ឲ្យមន្រ្តីបរិស្ថានយកទៅរក្សាទុកនៅស្នាក់ការដែនជម្រកភ្នំឱរ៉ាល់ ក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប។

លោកឧត្តមសេនីយ៍ត្រីបានបនុ្តថា នៅថ្ងៃទី១៧ ខែកញ្ញានេះ កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ទោ យស ឌីណា មេបញ្ជាការអាវុធហត្ថស្រុកភ្នំស្រួច បានចុះចាប់ឈើបានចំនួន៤ដុំធំ រួមទាំងរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-6508 និងមនុស្ស២នាក់ទៀត។

លោកមេបញ្ជាកាបានបញ្ជាក់ថា ក្រោយប្រតិបត្តិការទាំងពីរនេះហើយ កម្លាំងជំនាញបានបូកសរុបឃើញថា ឈើទាំងនោះមានចំនួនប្រមាណជិត២០ម៉ែត្រគូប និងបានបញ្ជូនសំណុំរឿង និងជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធីបន្ត៕