(សៀមរាប)៖ ​ឆ្លងចរន្តអគ្គិសនីឧបករណ៍សាកថ្មទូរសព្ទ័ ដែលនៅក្បែរគ្រែ បណ្តាលឲ្យភ្លើងឆាបឆេះ ក្នុងបន្ទប់លេខ៤១០ ជាន់ទី៣ នៃសណ្ឋាគារ Angkor Panoramic Hotel នៅសង្កាត់សាលាកំរើក បង្ក​ការភ្ញាក់ផ្អើល​នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ តែត្រូវបាននគរបាលខេត្តសៀមរាប ជួយអន្តរាគមន៍ពន្លត់ទាន់ពេល​។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ​បន្ទាប់ពីទទួលព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជា​ឲ្យនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យ សហការ​ជាមួយនគរបាលក្រុងសៀមរាប និងនគរបាលការិយាល័យ ចរាចរណ៍សៀមរាប ចេញជួយសង្គ្រោះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​៣គ្រឿង ប្រើប្រាស់ទឹកបាញ់ពន្លត់អស់​០២គ្រឿង ទើបរលត់ដោយប្រើពេលប្រមាណ៣០នាទី។​

មន្ដ្រីដដែលបញ្ជាក់ថា ​មូលហេតុបណ្ដាលឲ្យកើតមានគ្រោះអគ្គិភ័យនេះ មកពីឆ្លងចរន្តអគ្គីសនី ផ្តើមចេញពីឧបករណ៍សាកទូរសព្ទ័ ដែលនៅក្បែរគ្រែ ​ទើបបង្កើតជាភ្លើងឆាបឆេះតែម្ដង។ ដោយឡែកចំពោះការខូចខាតវិញ មានទូរទស្សន៍​១គ្រឿង, គ្រែ និងពូក​​១ឈុត, ម៉ាស៊ីនត្រជាក់មួយគ្រឿង និងឆ្នាំងសាកទូរស័ព្ទមួយគ្រឿង។

យ៉ាងណាមិញ គ្រោះថ្នាក់សង្គមមួយនេះ ក៏មិនបណ្ដាលឲ្យជនណាម្នាក់រងគ្រោះថ្នាក់នោះដែរ ព្រោះដោយសារតែភ្ញៀវចេញទៅដើរលេងកម្សាន្ដអស់៕