(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យនេះ បានលើកឡើងថា ការដាក់កាមេរ៉ាសុវត្ថិភាពជាវិធានការណ៍តុលាការ ក្នុងការការពារអាយុជីវិតរបស់ លោក កឹម សុខា។ អ្នកនាំពាក្យរូបនេះ បានចោទជាសំណួរថា តើមេធាវីអាចធានា និងទទួលខុសត្រូវលើសុវត្ថិភាព លោក កឹម សុខា បានឬយ៉ាងណា ទើបបានជាហ៊ានស្នើឱ្យដកកាមេរ៉ាសុវត្ថិភាព ចេញពីបន្ទប់ឃុំឃាំង លោក កឹម សុខា។

លោក សុខ ឥសាន បានពន្យល់យ៉ាងដូច្នេះថា៖ «មានប្រជាជនច្រើនណាស់ទាំងក្នុងប្រទេស និងក្រៅប្រទេស បានសរសើពីវាសនាល្អរបស់ឯឧ កឹម សុខា ដែលត្រូវបានសមត្ថកិច្ចចាប់ដាក់នៅទីកន្លែងមានសុវត្ថិភាពដូចបច្ចុប្បន្ននេះ បើមិនដូច្នេះទេ មិនប្រាកដជាអាចមានជីវិតទេ។ ដូច្នេះ ការទាមទាររបស់មេធាវី តើក្នុងចេតនាអ្វី បើដកកាមេរ៉ាសុវត្ថិភាពចេញពីបន្ទប់ឃុំឃាំង តើលោកមេធាវីហ៊ានធានា និងទទួលខុសត្រូវលើសុវត្ថិភាពអាយុជីវិត ឯឧ កឹម សុខា ឬទេ ? សូមឆ្លើយមក! តែការសម្រេចយ៉ាងណាជាសិទ្ធិរបស់តុលាការ ប៉ុណ្ណោះ»

ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរបស់ លោក កឹម សុខា ធ្វើការរិះគន់វិធានការតុលាការចំពោះការដាក់កាមេរ៉ាសុវត្ថិភាព នៅពេលដែលពួកគេចូលសួរសុខទុក្ខ លោក កឹម សុខា នៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។

លោក សុខ ឥសាន បានបន្តទៀតថា «ការការពារអាយុជីវិតជនជាប់ចោទនេះមានសារសំខាន់ណាស់ សម្រាប់បន្តនីតិវិធីស្រាវជ្រាវរកភ័ស្តុតាងនិងសាក្សី អ្នកជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្តីដ៏ធំនេះ»។ លោកបានបន្តថា «ឧទាហរណ៍មានរួចមកហើយនៅកម្ពុជា នៅពេលដែល លោកថាច់ ជា កែវ សង់គីម រដ្ឋមន្ត្រីក្រសួងអប់រំ ជំនាន់សាធារណរដ្ឋខ្មែរត្រូវបានក្រុមនិស្សិតចាប់ទុកជាចំណាប់ខ្មាំង ដើម្បីជាថ្នូរនយោបាយ ស្រាប់តែបុរសទាំងពីរនាក់នេះត្រូវកម្លាំងទី៣ មកសម្លាប់បំបាត់តាងដោយរកឃាដកនិងមូលហេតុមិនឃើញ។ ករណី លោក ជា វិជ្ជា និងមនុស្សបម្រេីនយោបាយប្រឆាំងខ្លះទៀត សុទ្ធតែមានឧទាហរណ៏ស្រាប់»

លោក សុខ ឥសាន បានបញ្ជាក់ទៀតថា «ដូច្នេះ ការដាក់កាម៉េរាសុវត្ថិភាពនេះ គឺគ្មានអ្វីក្រៅពីការពារសុវត្ថិភាពជូន ឯឧ កឹម សុខាទេ កុំឲ្យមានបញ្ហាដូចករណីថាច់ ជា និងនកែវ សង់គីមទៀត។ ដូចបានដឹងហើយថា ឯឧ កឹម សុខាជាតួឯកក្នុងការអនុវត្តឧបាយកលដាក់ចេញដោយមហាយក្ស។ ដូច្នេះ ជីវិតឯឧ កឹម សុខាផុយស្រួយណាស់បើសិនជាមហាយក្សចង់បំបាត់ដានឧបាយកលរបស់ខ្លួន ដោយសារ កឹម សុខា បានក្លាយជាក្រូចអស់ទឹកហើយ មិនចាំបាច់ទុកសំបកជាសាក្សីបានប្រយោជន៍អីទៀតទេ»