(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន​ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន គឺមានសន្ដិភាពពេញលេញ អាចឲ្យពលរដ្ឋមានឱកាសដើរលេងកម្សាន្ដ និងធ្វើបុណ្យតាមប្រពៃណីពីបុរាណ ដោយគ្មានការភ័យខ្លាច។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅ​​ថ្ងៃទី១៧​ ខែក​ញ្ញា​ ឆ្នាំ២០១៧ ក្នុងឱកាសឧបនាយករដ្ឋមន្ដ្រី និងភរិយា បានដឹកនាំក្រុមការងារថ្នាក់ជាតិ ​ថ្នាក់ក្រោមជាតិ​ ចូលរួមក្នុងពិធីរាប់បាត្រ ដារឆ្លងបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្ត​បន្ទាយនាង (ទឹកជុំបរម្យគង្គា) ភូមិបន្ទាយនាង​ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ព្រមទាំងបានជួបសំណេះសំណាលជាមួយព្រះសង្ឃ​ ពុទ្ធបរិស័ទ​ ប្រជាពលរដ្ឋចំនួនជាង២០០នាក់។​

ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ បានបញ្ជាក់ថា ក្រោមការយុទ្ធសាស្រ្តរាជរដ្ឋាភិបាល​ដឹកនាំ ដោយគណបក្សប្រជាជន ​ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ​ប្រទេសជាតិមានសុខសន្តិភាព​ពេញផ្ទៃប្រទេស ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានកាត់ខ្វាត់ខ្វែង តភ្ជាប់ពីតំបន់ជនបទដាច់ស្រយ៉ាលដល់ទីប្រជុំជន​ បង្កលក្ខណៈងាយស្រួល​ ទាំងការដឹកជញ្ជូនផលិតផល​ និងធ្វើដំណើរទៅជួបជុំសប្បាយ ជាមួយក្រុមគ្រួសារដើម្បីធ្វើបុណ្យទាន ​ក៏ដូចជាដើរលេងកំសាន្តតាមរមណីយដ្ឋា​ន​ និងវត្តអារាមនានា ក្នុងឱកាសបុណ្យកាន់បិណ្ឌ​ និងដាក់បិណ្ឌនេះ​ ពិសេសបានមកអង្គុយធ្វើបុណ្យរួមគ្នា នៅវត្តបន្ទាយនាងនៅថ្ងៃនេះ។

ជាមួយគ្នានេះ​ ឧបនាយករដ្ឋមន្ដ្រី ក៏បាននាំនូវការសួរសុខទុក្ខ​ និងការថ្លែងអំណរគុណពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ ​គណបក្សប្រជាជនទាំងអស់ ​ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូ​អ្នកគ្រូ​ សិស្ស​ និស្សិតប្រជាពលរដ្ឋ​ទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន កាលពីថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ និងបានសំណូមពរឲ្យអ្នកបោះឆ្នោតទាំងអស់ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន នៅឆ្នាំ២០១៨ខាងមុខ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងារ ក៏នាំយកនូវទេយ្យ​ទាន បច្ច័យកសាង និងអំណោយ​​ប្រគេន​ព្រះសង្ឃ​ និងចែកជូនប្រជាពលរដ្ឋ​ ពុទ្ធបរិស័ទ្ធ ​រួមមាន៖​ ពលរដ្ឋ​ជាង២០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១​,​ ថវិកាបច្ច័យបិណ្ឌទី១២ចំនួន​៥៥២០,០០០រៀល និង​៥៥៥ដុល្លារ​, ​អង្ករ២០០គីឡូក្រាម, ទឹកសុទ្ធ១០កេស, ទឹកស៊ីអ៊ីវ១០យួរ, ​ទឹកត្រី១០យួរ, ទឹកក្រូច៥កេស, ទឹកផ្លែឈើ៥កេស, មី១០កេស​​, ប្រគេនស៊ីម៉ង់ចំនួន២០តោន៕