(ភ្នំពេញ)៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​និងលោកស្រី និងអមជាមួយ លោកអភិបាលរង និងមន្ត្រីរាជការសាលារាជធានី សាលាខណ្ឌមន្ទីរមួយចំនួន នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញបំពេញកុសល ក្នុងឱកាសវេនកាន់បិណ្ឌទី១២ នៅវត្ត​ប្រសិទ្ធីរីមារ៉ាម​ ហៅវត្តថ្មី​ ក្នុងសង្កាត់ពន្សាំង ​ខណ្ឌព្រែកព្នៅ​ ជាមួយពុទ្ធបរិសទ្ធជិតឆ្ងាយដោយក្តីជ្រះថ្លា។

បើតាមគណៈកម្មការអាចារ្យវត្តថ្មី បាននិយាយថា បច្ច័យនិងទេយ្យទានទាំងអស់ វេរទុកប្រគេនព្រះសង្ឃ និងគណៈកម្មការ កសាងវត្តជាបន្តទៀត ក្នុងនោះលោកអាចារ្យ បានថ្លែងក្នុងពិធីកាន់បិណ្ឌនេះថា បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេ ក្នុងចំណោមបុណ្យធំៗ របស់ប្រពៃណីខ្មែរយើង ដែលឧទ្ទិសមគ្គផល កុសលផលបុណ្យ ដល់ព្រលឹងសាច់សាលោហិត ដែលបានចែកឋានទៅបរលោក។

ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេចាប់ផ្តើមធ្វើវេនបិណ្ឌទី១ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ជាថ្ងៃបិណ្ឌធំបញ្ចប់ នៃកម្មវិធីបុណ្យភ្ជុំបិណ្ឌនេះ៕