(កំពង់ស្ពឺ)៖ ក្រោយផ្ទុះការតវ៉ាតាំងពីល្ងាច រហូតដល់យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ រួចមក កម្មករនិយោជិត១,២៥៦នាក់ ដែលបម្រើការក្នុងរោងចក្រជឺមីនី នៅខេត្តកំពង់ស្ពឺ បានទទួលប្រាក់ខែពីរោងចក្រនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ជាបណ្ដើរៗហើយ ក្រោយមានការដោះស្រាយយ៉ាងយកចិត្តទុកដាក់។

នៅថ្ងៃទី១៦ ម្សិលមិញ កម្មករ-កម្មការិនីរោងចក្រជឺមីនី ប្រមាណ៧០០នាក់ ក្នុងចំណោមកម្មករសរុប ១,២៥៦នាក់ បាននាំគ្នាតវ៉ា និងឡោមព័ទ្ធរោងចក្ររបស់ពួកគេ ដោយសារតែមានដំណឹងថា ថៅកែរោងចក្រនេះក្ស័យធន រត់ចោលពួកគេដោយមិនព្រមបើកប្រាក់ខែឲ្យ។

ក្រោយទទួលដំណឹងនេះហើយ មន្ទីរការងារខេត្តកំពង់ស្ពឺ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញមុខដោះស្រាយសម្របសម្រួល និងបើកប្រាក់ឈ្នួលជូនកម្មករជាបណ្ដើរៗ ចាប់ផ្តើមពីយប់ថ្ងៃទី១៦ រហូតដល់ម៉ោង២ភ្លឺ រំលងអធ្រាត និងបន្តដល់ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា នៅមន្ទីរការងារខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ មន្ទីរការងារ និងសមាគមរោងចក្រកាត់ដេរ សូមអំពាវនាវឲ្យកម្មករ កម្មការិនីទាំងអស់នៃរោងចក្រខាងលើ មកបើកប្រាប់ខែឲ្យបានគ្រប់ៗគ្នា នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ៕