(សៀមរាប)៖ សាកលវិទ្យាល័យ សៅអ៉ីសអេយសៀ USEA បានក្លាយជាសមាជិកនៃបណ្តាញសាកលវិទ្យាល័យទទួល ស្គាល់គុណភាពអប់រំអាស៊ានជាផ្លូវការហើយ។ នេះបើយោងតាមការប្រកាសឲ្យដឹងពីសំណាក់ លោក សៀន សុវណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ សៅអ៉ីសអេយសៀ USEA ថ្លែងឲ្យដឹងនៅក្នុងកម្មវិធី សន្និសីទសារព័ត៌មានអបអរសាទរសាកលវិទ្យាល័យ USEA បានក្លាយជាសមាជិកនៃបណ្តាញសាកលវិទញយាល័យទទួលស្គាល់គុណភាពអប់រំអាស៊ាន និងនិស្សិត ជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសថៃ រៀបចំធ្វើនៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងឪកាសនោះ លោក សៀន សុវណ្ណា សាកលវិទ្យាល័យ សៅអ៉ីសអេយសៀ USEA បានសម្តែងការសាទរចំពោះសាកលវិទ្យាល័យUSEA បានក្លាយជាសមាជិកស្ថាប័នទទួលស្គាល់គុណភាពអប់រំ នៃបណ្តាញសាកលវិទ្យាល័យអាស៊ាន ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ សិក្សានៅសាកលវិទ្យាល័យ Chaopraya ប្រទេសថៃចំនួន០៥នាក់។

លោក សៀន សុវណ្ណា បានឲ្យដឹងថា សាកលវិទ្យាល័យ សៅអ៉ីសអេយសៀ USEA គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដែលមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា។ សាកលវិទ្យាល័យនេះ មានបេសកកម្មផ្តល់ចំណេះដឹង ចំណេះធ្វើ ជំនាញផ្នែងរឹង ជំនាញផ្នែកទន់ មានឥរិយាបថ ព្រមទាំង ស្រឡាញ់វប្បធម៌ជាតិ ដល់អ្នកសិក្សាគ្រប់កម្រិត ឲ្យមានសមត្ថភាពពេញលេញ ឆ្លើយតប នឹងតម្រូវការទីផ្សារការងារ អាស៊ាន និងតំបន់ដែលពួកគេ កំពុងធ្វើការ និងរស់នៅ ក្នុងយុគសម័យ សកលភាវូបនីយកម្ម និងសង្គមពុទ្ធិ៕